(បរទេស)៖ ចុងក្រោយ Twitter នៅតែជាអ្នកឈ្នះទៅលើបណ្តឹងឧទ្ធរណ៍មួយដែលបានជំទាស់កាលពីឆ្នាំ២០១៩ កន្លងទៅជុំវិញការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនសិង្ហបុរី ដែលមានបំណងប្រើប្រាស់និមិត្តសញ្ញារូបបក្សី (Bird Logo) ស្រដៀងគ្នាទៅនឹង Twitter។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុន Start-Up បច្ចេកវិទ្យាមួយរបស់ប្រទេសសិង្ហបុរីដែលមានឈ្មោះថា V V Technology បានដាក់ពាក្យសុំចុះឈ្មោះពាណិជ្ជសញ្ញារបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដោយវាមាននិមិត្តសញ្ញាជារូបសត្វស្លាបពណ៌លឿង និងមើលទៅស្រដៀងទៅនឹង Logo របស់ Twitter អ៊ីចឹង។ ដោយឡែកមុនក្រោយគ្នាមួយឆ្នាំនៅខែកញ្ញា ឆ្នាំ២០១៩ Twitter ក៏បានដាក់ការជូនដំណឹងអំពីការប្រឆាំងរបស់ខ្លួនទៅកាន់តុលាការជាន់ខ្ពស់សិង្ហបុរីជុំវិញបញ្ហានេះ។

យ៉ាងណាមិញបើការបញ្ជាក់ពីប្រភពនាពេលថ្មីៗនេះ បានរកឃើញថា ពាណិជ្ជសញ្ជាអាជីវកម្មរបស់ V V Technology ត្រូវបានចុះឈ្មោះសម្រាប់ទំនិញ និងសេវាកម្មផ្សព្វផ្សាយដែលមួយចំនួនគឺស្ទើតែដូចទៅនឹងខ្លឹមសាររបស់ Twitter។ ដូច្នេះហើយទើបបានជាតុលាការសើរើបណ្តឹងឡើងវិញនឹងបានច្រានចោលបណ្តឹងឧទ្ធរណ៍នោះតែម្តង។ តែយ៉ាណាប្រភពមិនបានបញ្ជាក់លម្អិតនោះទេ ទាក់ទិននឹងបញ្ហានេះ ថាតើភាគីខាងក្រុមហ៊ុនសិង្ហបុរីអាចនឹងមានដំណោះស្រាយផ្លូវច្បាប់យ៉ាងណាទៅកាន់ Twitter នោះ។

គួរបញ្ជាក់ដែរថា Twitter គឺជាក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មកម្លេះ និងបានដាក់បញ្ចូលក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៧ ហើយក៏ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុនញ៉ូយ៉កតាំងពីឆ្នាំ២០១៣ ឯណោះ៕