(ឡុងដ៍)៖ នាយកផ្នែកកីឡារបស់ក្លិបបាល់ទាត់ Liverpool លោក Julian Ward បានសម្រេចចិត្តលាលែងពីតំណែង​ ពីក្លិបដែលលេងនៅ Premier League នៅដំណាច់រដូវកាលនេះ មានរយៈពេល ១ឆ្នាំបន្ទាប់ពីលោកបានចូលកាន់តំណែងជំនួសលោក Michael Edwards។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្លិបហង្សក្រហម Liverpool បានលើកឡើងថា មានការភ្ញាក់ផ្អើល និងខកចិត្តចំពោះដំណឹងនេះ។

អ្នកចាត់ការក្លិប Jurgen Klopp នឹងដើរតួនាទីសំខាន់នៅក្នុងការសម្រេចចិត្ត បន្ទាប់ពីបានបន្តកិច្ចសន្យារបស់លោកកាលពីខែមេសាឆ្នាំមុន រហូតដល់ឆ្នាំ២០២៦ ដើម្បីធានាពីស្ថិរភាពក្នុងក្រុម។

សារព័ត៌មាន Liverpool Echo បានចុះផ្សាយថា លោក Ward ដែលធ្លាប់បម្រើការងារនៅក្លិប Manchester City ផងនោះ មិនមានផែនការភ្លាមៗ ក្នុងការចូលរួមជាមួយក្លិបដទៃនោះទេ។

ការសម្រេចចិត្តរបស់លោក Ward ក្នុងការចាកចេញ ខណៈក្រុមហ៊ុនអាមេរិក Fenway Sports Group ដែលជាម្ចាស់ក្លិប Liverpool នោះ បាននឹងកំពុងពិចារណាក្នុងការលក់ក្លិបដែលស្ថិតក្នុងទីក្រុង Liverpool នៃប្រទេសអង់គ្លេសមួយនេះ។

សូមជម្រាបថា Liverpool ដណ្តើមបានពានរង្វាន់ Premier League ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ ហើយបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ចំនួន ៣លើកស្ថិតក្រោមការដឹកនាំរបស់លោក Klopp ដោយបានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ២០១៩ ដែរ៕