(អាល់វ៉ាករ៉ា)៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិស្វីស Breel Embolo បានស៊ុតបញ្ចូលទីក្នុងការប្រកួតទល់នឹងកាមេរូន ដែលជាប្រទេសដើមកំណើតរបស់លោក នៅក្នុងការប្រកួតក្នុងពូល G នៃព្រឹត្តិការណ៍ World Cup នៅកីឡដ្ឋាន Al Janoub នារាត្រីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានបដិសេធក្នុងការអបអរសាទរ ហើយត្រូវបានគេមើលឃើញថា ស្ទើរតែសុំទោស ខណៈមិត្តរួមក្រុមរបស់លោកបានធ្វើការអបអរសាទរទៅវិញ។

Embolo បានធ្វើឲ្យក្រុមស្វីសនាំមុខនៅនាទីទី៤៨ បន្ទាប់ពីពួកគេទទួលបានត្រឹមលទ្ធផលស្មើ ០-០ ក្នុងការប្រកួតតង់ទី១។

កីឡាករវ័យ ២៥ឆ្នាំដែលកើតក្នុងរដ្ឋធានី Yaounde របស់កាមេរូន ប៉ុន្តែបានធំឡើងនៅទីក្រុង Basel របស់ស្វីសរូបនេះបានឈរជាមួយនឹងទឹកមុខ ហាក់បង្ហាញពីការសុំទោស បន្ទាប់ពីលោកបានស៊ុតបញ្ចូលទៅ ខណៈក្រុមកីឡាករស្វីសបាននាំគ្នាអបអរសាទរនៅជុំវិញខ្លួនលោក។

សូមជម្រាបថា ការប្រកួតសន្សំពិន្ទុក្នុងពូល G ស្វីសបានយកឈ្នះលើកាមេរូន ក្នុងលទ្ធផល១-០ នៃការប្រកួតលើកដំបូងរបស់ពួកគេនៅ World Cup លើកទី២២ នេះ៕