(អាមេរិក)៖ ក្រុមហ៊ុន Adidas នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ថ្ងៃទី២៤ ខែវិច្ឆិកា) បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេត ទៅលើតារាចម្រៀងរ៉េបអាមេរិក Kanye West បន្ទាប់ពីមានរបាយការណ៍ចេញផ្សាយថា តារារូបនេះ បានប្រើកាយវិការ និងពាក្យមិនសមរម្យដាក់បុគ្គលិក Adidas។ ការស៉ើបអង្កេតនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនផលិតសម្ភារៈកីឡាអាល្លឺម៉ង់ Adidas កាលពីខែមុនបានបញ្ចប់ភាពជាដៃគូជាមួយតារារ៉េបរូបនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុន Adidas បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតបញ្ហានេះ បន្ទាប់ពីទទួលបានលិខិតអនាមិកមួយ ដែលបង្ហាញពីការចោទប្រកាន់ជាច្រើនករណី ប្រឆាំងនឹងតន្ត្រីករ Kanye West ដែលឥឡូវនេះត្រូវបានគេហៅថា Ye។

របាយការណ៍មួយរបស់ទស្សនាវដ្តី Rolling Stone ដែលរៀបរាប់លម្អិតអំពីឧប្បត្តិហេតុនៃអាកប្បកិរិយាមិនសមរម្យរបស់ Ye ចំពោះបុគ្គលិក និងនិយោជិត។ Rolling Stone បានដកស្រង់បទសម្ភាសន៍ជាមួយអតីតបុគ្គលិក Yeezy និង Adidas ជាច្រើននាក់។ Rolling Stone បានរាយការណ៍ថា តារារ៉េបរូបនេះបានលេងរឿងអាសអាភាសទៅកាន់បុគ្គលិក Adidas ក្នុងការប្រជុំ និងពិភាក្សារឿងអាសអាភាសថែមទៀតផង។ បន្ថែមពីនេះ មានអតីតបុគ្គលិកម្នាក់សុំមិនបញ្ចេញឈ្មោះនោះ បានអះអាងថា តារារ៉េបរូបនេះ បាន​ប្រើ​ល្បិច​គំរាមកំហែង​ជាមួយ​បុគ្គលិក ដែល​ជា​ញឹក​ញាប់​សំដៅ​ទៅ​លើ​ស្ត្រី។

បើតាមសេចក្តីថ្លែងការណ៍របស់ Adidas បានឲ្យដឹងថា បច្ចុប្បន្ននេះ ខាងក្រុមហ៊ុនមិនទាន់ច្បាស់នៅឡើយទេថា តើការអះអាងដែលមាននៅក្នុងលិខិតអនាមិកនោះជាការពិតឬយ៉ាង? តែយ៉ាងណា ខាងក្រុមហ៊ុន គឺយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការអះអាងនេះ ហើយឈានដល់ការសម្រេចចិត្តបើកការស៉ើបអង្កេតឯករាជ្យមួយភ្លាមៗ លើបញ្ហានេះ ដើម្បីរកដំណោះស្រាយមួយប្រកបដោយភាពត្រឹមត្រូវ។ 

ទោះជាយ៉ាងណា តារារ៉េប Ye មិន​អាច​ទាក់​ទង​ភ្លាមៗ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ ព័ត៌មាននៃការស៊ើបអង្កេតនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយ Financial Times នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕