(ភ្នំពេញ)៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីម្សិលមិញបានបញ្ចប់ដោយរលូន និងជោគជ័យដោយមានបងប្អូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើជាច្រើនរយនាក់បានចូលរួម និងមានអ្នកសម្ភាសការងារជាប់សរុប២៧០នាក់ ក្នុងនោះ មានអ្នកជាប់ជាស្ថាពរចំនួន ៣៣នាក់ និង២៣៧នាក់ ផ្សេងទៀតជាប់បឋម និងត្រូវសម្ភាសបន្តទៀតជាមួយក្រុមហ៊ុននៅពេលក្រោយ។

គួររំលឹកថា ក្នុងវេទិកាការងារកាលពីម្សិលមិញនេះ មានក្រុមហ៊ុនធំៗទាំងចំនួន១២ ក្នុងនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ, ក្រុមហ៊ុន WOWNOW, ក្រុមហ៊ុន BS Land &home, Brown Coffee and Bakery, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន TH Group, ក្រុមហ៊ុន Century 21, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន SVI, ក្រុមហ៊ុន MinebeaMitsumi, ក្រុមហ៊ុន S SKECHERS និងក្រុមហ៊ុន AEON Cambodia។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានាបាននូវ សុវត្ថិភាព និងទំនុកចិត្ត ក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សូមជម្រាបថា ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌល ការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕