(ភ្នំពេញ)៖ ក្រុមហ៊ុន អឹមជី ខេមបូឌា (MG Cambodia) បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មី សាខា៦០ម៉ែត្រ ដែលមានទីតាំងនៅផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេស ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ដើម្បីដណ្តើមតំណែងរបស់ខ្លួន នៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។

យោងតាមភាពរីកចម្រើនរបស់ខ្លួន អឹមជី ខេមបូឌា (MG Cambodia) បានបើកសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើប ដែលមានកម្ពស់២ជាន់ ជាមួយនឹងបន្ទប់រង់ចាំដ៏មានផាសុខភាព និងទីធ្លាធំទូលាយ ដើម្បីរៀបចំត្រៀមទទួលស្វាគមន៍ នៃរថយន្តម៉ូដែលថ្មីម៉ាក MG Marvel-R នាពេលឆាប់ៗខាងមុខនេះ។

នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ (Mr. Homan Tandijono) ជាអគ្គនាយក និងស្ថាបនិកក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត MG មកកម្ពុជា បានថ្លែងថា «ថ្ងៃនេះខ្ញុំពិតជារំភើប និងរីករាយជាខ្លាំង ចំពោះការបើកសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តសាខាថ្មី ផ្លូវ៦០ម៉ែត្រ»

លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ បានបន្ដថា «ថ្វីត្បិតតែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជួបវិបត្តិកូវិដ១៩ក៏ដោយ ក៏ក្រុមការងាររបស់យើង នៅគ្រប់ផ្នែកទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ»

លោកបានលើកឡើងថា «នាពេលអនាគត យើងសង្ឃឹមថា នឹងមានសាខាថ្មីបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំក្រោយនេះ យើងនឹងមានអ្វីថ្មីៗដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូចជាការនាំចូលផលិតផលថ្មី និងមជ្ឈមណ្ឌលសេវាកម្មថែទាំជួសជុលប្រកបដោយភាពច្នៃប្រឌិតនិងស្មោះស្ម័គ្រជាមួយឆន្ទៈ ក្នុងការកែលម្អការពេញចិត្តទៅកាន់សហគមន៍របស់យើង»

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហូមេន សេនតូនី តាន់ឌីហ្សូណូ ក៏បានថ្លែងអំណរគុណជាពិសេស ដល់ដៃគូហិរញ្ញវត្ថុជាច្រើន ដែលផ្តល់លក្ខខណ្ឌកម្ចីដ៏ល្អ និងងាយស្រួលដល់អតិថិជន MG ។

ក្នុងព្រឹត្តិការណ៍នេះដែរ MG ក៏បានបង្ហាញពីផ្នែកមួយ នៃទំនៀមទំលាប់ខ្មែរ រួមមានដូចជា ការរាំជូនពរ ពិធីសូត្រមន្ត ការកាត់ខ្សែបូ និងកម្មវិធីកម្សាន្តផ្សេងៗ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ ជូនភ្ញៀវកិត្តិយសទាំងអស់ ដើម្បីផ្តល់បន្ថែមនូវភាពរីករាយ ក្នុងពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តសាខាផ្លូវ៦០ម៉ែត្រ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន MG មាន៣សាខា៖
* សាខាទី១ ស្ថិតលើផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (នៅជិតស្ពាធអាកាស៧មករា)។
* សាខាទី២ ស្ថិតលើផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
* សាខាទី៣ មជ្ឈមណ្ឌលថែទាំ និងជួសជុល ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ខាងលិចផ្សារម៉ាក្រូ ចម្ងាយ ២០០ ម៉ែត្រ)៕