(ដូហា)៖ Neymar ដែលជាខ្សែប្រយុទ្ធឆ្នើម របស់ជម្រើសជាតិប្រេស៉ីល បានស្រក់ទឹកភ្នែក ដោយសាររបួសកជើងធ្ងន់ធ្ងរ ដែលបង្កដោយខ្សែការពារស៊ែប៊ី ក្នុងការប្រកួតនៅព្រឹត្តិការណ៍ World Cup 2022 ។ យ៉ាងនេះក្តី សាំបាប្រេស៉ីល ដែលធ្លាប់ឈ្នះពាន World Cup ៥សម័យកាលច្រើនជាងគេនោះ នៅតែអាចបំបាក់គូប្រជែងស៊ែប៊ី ២-០ នាម៉ោង ២យប់រំលងអាធ្រាត្រយប់មិញ ថ្ងៃព្រហស្បត្តិ៍ ឈានចូលថ្ងៃសុក្រ (ម៉ោងនៅកម្ពុជា)។

នៅពេលមកដល់កៅអីអង្គុយវិញ Neymar បានបិទមុខរបស់គាត់ជាមួយនឹងអាវ ហើយហូរទឹកភ្នែកខណៈពេលដែលគាត់ ក៏ត្រូវបានចូលរួមពិនិត្យដោយគ្រូពេទ្យរបស់ក្រុមជម្រើសជាតិ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជ័យជម្នះលើប្រទេសស៊ែប៊ី គ្រូដឹកនាំជម្រើសជាតិប្រេស៉ីល លោក Tite បានធានាថា Neymar នឹងបន្តនៅក្នុងការប្រកួត World Cup ដោយរំពឹងថា របួសនឹងមិនយ៉ាប់យឺន។

Neymar គឺជាគោលដៅរបស់ខ្សែការពារស៊ែប៊ីពេញមួយការប្រកួត ខណៈដែលគាត់បានទទួលការប៉ះទង្គិច ជាកំហុសចំនួន៩ ក្នុងចំណោម១២ ពីដៃគូបដិបក្ខ រួមទាំងការវាយប្រហារដោយខ្សែការពារ Nikola Milenkovic ។ នៅក្នុងការប្រជែងយកបាល់ ដោយមិនបានប្រុងប្រយ័ត្ន Nikola បានធ្វើឲ្យកីឡាកររបស់ក្លិប PSG ដួល ដោយលក្ខណៈសង្កត់កជើងពេញទំហឹង ពីកីឡាករនោះ។

កីឡាករលេខ១០ របស់ប្រេស៉ីល បានត្អូញត្អែរភ្លាមៗអំពីកជើងខាងស្តាំរបស់គាត់ ហើយបុគ្គលិកពេទ្យបានបញ្ជាឱ្យគាត់ចាកចេញពីទីលានដោយគ្មានទ្រនាប់ និងស្រោមជើង។

មានសុទិដ្ឋិនិយមខ្លាំង ដោយលោក Tite អំពីស្ថានភាពសុខភាពរបស់ Neymar ។ លោក Tite បាននិយាយថា «Neymar នឹងបន្តនៅ World Cup ទោះគាត់មានអារម្មណ៍ឈឺចាប់អំឡុងពេលប្រកួត»

ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតរបស់ Verdeamarelha លោក Rodrigo Lasmar បានស្នើសុំរយៈពេល ២៤ម៉ោងដើម្បីមើលការវិវត្តនៃកជើងរបស់ Neymar មុនវិនិច្ឆ័យឲ្យត្រឹមត្រូវ៕