(បរទេស)៖ កាលពីថ្ងៃពុធមានការតវ៉ាមួយបានផ្ទុះឡើងនៅរោងចក្រផ្គត់ផ្គង់ការផលិត iPhone ដ៏ធំរបស់ពិភពលោក ពីសំណាក់បុគ្គលិកនៅក្នុងទីក្រុង Zhengzhou ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមវីដេអូដែលត្រូវបានចែកចាយពេញបណ្តាញផ្សព្វផ្សាយសង្គមចិនកាលពីល្ងាចថ្ងៃពុធម្សិលមិញនេះ បានបង្ហាញពីបុគ្គលិកក្រុមហ៊ុន Foxconn រាប់រយនាក់បានដើរដង្ហែគ្នាជាក្បួនតវ៉ា ដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលពេញទីក្រុង Zhengzhou។ ដោយឡែកក្នុងវីដេអូនោះបុគ្គលិកជាច្រើនហាក់មានការខឹងសម្បារជាខ្លាំង ដែលឈានដល់ការតដៃជាមួយកម្លាំងសមត្ថកិច្ច និងខ្លះទៀតមានការឈ្លោះប្រកែកគ្នាជាមួយក្រុមមនុស្សដែលស្លៀកឈុត hazmat។

មូលហេតុដែលឈានដល់ការធ្វើកុប្បកម្មនៅពាសពេញរោងចក្រ Foxconn នោះបើតាមវីដេអូបានបង្ហាញពីសកម្មភាពបុគ្គលិកត្អូញត្អែរអំពីអាហារដែលពួកគេមិនត្រូវបានផ្តល់ដោយក្រុមហ៊ុន ខណៈដែលក្រុមបុគ្គលិកផ្សេងទៀតបានតវ៉ាថាពួកគេមិនបានទទួលបា្រក់រង្វាន់តាមការសន្យា។

បើយោងតាមប្រភពដដែលបានឱ្យដឹងថា ការផ្ទុះកំហឹងនេះក៏ដោយសារតែគោលនយោបាយ Zero-COVID របស់ប្រទេសចិន ដែលតម្រូវឱ្យទីក្រុងនានាត្រូវតែទប់ស្កាត់ការរីករាលដាលតាមរយៈការរឹតបន្តឹងទៅលើក្រុមហ៊ុននានា។ ហើយជាមួយនឹងការរីករាលដាលនៃមេរោគ COVID-19 នៅក្នុងទីក្រុង Zhengzhou បានបណ្តាលឱ្យ Foxconn ត្រូវឈានដល់បិទរោងចក្រ ដែលជាហេតុបង្ករឱ្យបុគ្គលិកជាច្រើនទាមទារចង់ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដើម្បីជៀសវាងការជាប់គាំងនៅក្នុងរោងចក្រ ប្រសិនបើមានការដាក់កំហិតតឹងរឹងជាងនេះ។

គួរបញ្ជាក់ដែរថា ទីក្រុង Zhengzhou គឺជាម្រកដ៏ធំបំផុតរបស់ Foxconn ដែលជាកន្លែងផ្គត់ផ្គង់ការផលិត iPhone ខ្ទង់ ៧០ភាគរយរបស់ Apple និងមានបុគ្គលិកប្រមាណ ២០០,០០០នាក់នៅក្នុងនោះ៕