(ភ្នំពេញ)៖ ការប្រកួតកីឡាគ្រិកឃីត(ផ្នែកនារី) នៃកីឡាជាតិ លើកទី៣ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយជើងខ្លាំងប្រចាំការប្រកួតនេះ បានទៅក្រុមកីឡាការិនីខេត្តសៀមរាប ដែលដណ្ដើមបានមេដាយមាស។

សម្រាប់ប្រភេទកីឡាគ្រិកឃីតនារីនេះ ដំបូងឡើងគ្រោងធ្វើការប្រកួត ២ថ្ងៃប៉ុណ្ណោះ នៅទីលានបាល់ទាត់ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ប៉ុន្ដែដោយសារមានភ្លៀងធ្លាក់ មិនអាចរៀបចំការប្រកួតតាមកម្មវិធីបាន គណៈកម្មការក៏បានសម្រេចពន្យាពេលជាបន្ដបន្ទាប់ រហូតដល់យប់ថ្ងៃទី២៤ ខែវិច្ឆិកា ទើបញ្ចប់ការប្រកួត ដែលលើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទៅធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោវិញ។

ជាលទ្ធផលបច្ចេកទេស សម្រាប់ការបង្ហាញវត្តមានលើកដំបូង ក្នុងកីឡាជាតិ របស់កីឡាគ្រិកឃីតផ្នែកនារីនេះ ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង ៤រាជធានី-ខេត្ត គឺខេត្តសៀមរាប ដណ្ដើមបានមេដាយមាស, រាជធានីភ្នំពេញ ទទួលបានមេដាយប្រាក់ និងខេត្តកំពង់ធំ ទទួលបានមេដាយសំរឹទ្ធ។ រីឯខេត្តកណ្ដាល ពុំទទួលបានមេដាយនោះទេ។

លោក Sharma Manish នាយកបច្ចេកទេស នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតខាងលើ ដែលបានផ្ដល់ឱកាសឲ្យកីឡាការិនីគ្រិកឃីតកម្ពុជា បានចូលរួម និងបង្ហាញសមត្ថភាព។ អ្វីដែលលោកភ្ញាក់ផ្អើលនោះ គឺពួកគេធ្វើបានយ៉ាងល្អ ដែលជាក្ដីសង្ឃឹមសម្រាប់សហព័ន្ធ ក្នុងការជ្រើសរើសពួកគេចូលរួមជាមួយក្រុមជម្រើសជាតិទៀតផង៕