(ភ្នំពេញ)៖ ខណៈពេលដែលខិតជិតដល់ចុងឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុន សែលកាត ប្រកាសនឹងប្រារព្ធខួបគម្រប់ ២៥ឆ្នាំរបស់ខ្លួន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ជាមួយនឹងការប្រគុំតន្ត្រីដ៏ធំ និងបញ្ចេញបទចម្រៀងថ្មីៗ រួមទាំងមានការសម្ដែងរបស់ទូតសុឆន្ទៈ របស់ខ្លួន ដែលមានដូចជា៖ លោក ម៉ាន់ វណ្ណដា ព្រះនាង នរោត្តម ជេនណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា មីណា។

ក្រុមហ៊ុន សែលកាត ការប្រកាសដូចនេះនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថិតនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមវត្តមាននាយកប្រតិបត្តិរបស់ សែលកាត គឺលោក Simon Perkins រួមជាមួយនិងក្រុមការងាររបស់សែលកាត ដៃគូសហការ ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននេះ ក៏មានការបញ្ចាំងវីដេអូចំនួន៣ បង្ហាញពីសមិទ្ធិផលចម្រុះរបស់សែលកាត ស្ពតពាណិជ្ជកម្មដ៏គួរឱ្យចងចាំ បុគ្គលិករួមជាមួយនិងការបង្ហាញពីសេចក្ដីលម្អិតរបស់ការប្រគុំតន្ត្រី ការសម្ដែងនៅនឹងឆាកតន្ត្រីដោយផ្ទាល់ ក៏ដូចជាការសម្ដែងរួមគ្នារវាងព្រះនាង នរោត្តម ជេនណា និងលោក ថេណា ដើម្បីអបអរពិធីនេះផងដែរ។

លើកឡើងនាឱកាសនោះលោក Simon Perkins បានឱ្យដឹងថា យើងបានធ្វើដំណើរមកដល់ទីមួយដែលឆ្ងាយពីចំណុចចាប់ផ្ដើមរបស់យើង។ ក្រឡេកទៅមើលប្រវត្តិសាស្ត្ររបស់ សែលកាត មានរឿងជាច្រើនដែលត្រូវអបអរសាទរ និងអរគុណ តួយ៉ាងមានដូចជាផលិតផលនិងសេវាកម្មជាច្រើន រង្វាន់នឹងការសសើរ និងបុគ្គលដែលរួចដំណើររហូតមកដល់ពេលនេះដែលមានដូចជា ដៃគូសហការ បុគ្គលិក និងអតិថិជនរបស់យើង។ ខណៈពេលដែលខិតជិតចុងឆ្នាំ យើងសូមអញ្ជើញអ្នកគ្រប់គ្នាដើម្បីចូលរួមនិងអបអរទាំងអស់គ្នា។

ការប្រគុំតន្រ្តីគម្រប់ខួប ២៥ឆ្នាំ របស់ សែលកាត នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស្ថិតក្នុងសាលព្រឹត្តិការណ៍ចាប់ពីម៉ោង ៦ល្ងាច តទៅ។ ការប្រគុំតន្ត្រីនេះមានការសម្ដែងរបស់ទូតសុឆន្ទៈម៉ាកយីហោរបស់ សែលកាត ហើយនិងមានការចូលរួមជាភ្ញៀវកិត្តិយសសម្រាប់វគ្គចុងក្រោយពីសិល្បករ សិល្បការិនី ពីផលិតកម្មបារមី ដែលមានដូចជា Sophia Kao, Vanthan និង Polarix ។

សំបុត្រចូលទស្សនាការប្រគុំតន្ត្រីនេះនឹងមានលក់នៅការិយាល័យកណ្ដាលរបស់ សែលកាត ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ហើយក៏អាចទទួលបានតាមរយៈការជាវផលិតផលសំខាន់នៃការប្រារព្ធខួប ២៥ឆ្នាំ របស់ សែលកាត នោះគឺ Time To Rise $6 ។ សំបុត្រចូលរួមក៏នឹងមានសម្រាប់លក់នៅថ្ងៃប្រគុំតន្ត្រី និងស្ថិតក្នុងទីតាំងប្រគុំតន្ត្រីផ្ទាល់ផងដែរ។ សំបុត្រសម្រាប់ចូលរួមគឺមានចំនួនកំណត់ ដែលមានចំនួនត្រឹមតែ ៤ ០០០សន្លឹកតែប៉ុណ្ណោះ។

អាវយឺត និងខ្សែកាត (Limited Edition) នៃការប្រារព្ធខួប ២៥ឆ្នាំ របស់ សែលកាត ក៏នឹងមានវត្តមាននៅថ្ងៃប្រគុំតន្រ្តីសម្រាប់ប្រូម៉ូសិននៃការបញ្ចូលទឹកប្រាក់។ កញ្ចប់រង្វាន់នៃការការប្រគុំតន្រ្តី (Concert merchandise) ក៏នឹងមានផ្ដល់ជូនផងដែរ ហើយត្រូវបានកំណត់យកតាមរយៈគោលការណ៍ មកមុន បានមុន។

បទចម្រៀងថ្មីរបស់ សែលកាត នឹងត្រូវបានបញ្ចេញឡើងដោយលោក វណ្ណដា ក្នុងវគ្គចុងក្រោយនៃការប្រគុំតន្រ្តី។ បទចម្រៀងនេះត្រូវបានដឹងថា វាត្រូវបានបំផុសគំនិតផលិតដោយចម្រៀងដ៏ល្បីមួយក្នុងប្រវត្តិសាស្រ្ត សែលកាត ហើយត្រូវបានកែច្នៃនិងផលិតឡើងវិញដោយ ផលិតកម្ម បារមី។

ជាមួយគ្នានោះលោក វណ្ណដា ដែលជាទូតសុឆន្ទៈម៉ាកយីហោរបស់ សែលកាត បានឱ្យដឹងថា ពួកយើងបាននិងកំពុងធ្វើការយ៉ាងល្អិតល្អន់ក្នុងការផលិតចម្រៀងថ្មីមួយនេះ ធ្វើយ៉ាងណាឱ្យវាផុសចេញនូវញាណពិត អារម្មណ៍ពិត និងនាំយកមកវិញនូវអនុស្សារវរីយ៍ល្អៗរបស់ សែលកាត ក្នុងអតីកាល។

សម្រាប់ព័ត៌មានទាក់ទងនឹងការប្រគុំតន្ត្រីនៃខួប ២៥ឆ្នាំ របស់ សែលកាត របៀបនៃការទិញសំបុត្រ និងវិធីទទួលបានកញ្ចប់រង្វាន់ សូមចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ សែលកាត៕