(ដូហា)៖ ខ្សែប្រយុទ្ធដ៏កំពូលគឺ Neymar ត្រូវ​បាន​សម្រេចដកឈ្មោះចេញ​ពី​ការ​ប្រកួត​របស់​ប្រេស៉ីល​ទល់​នឹង​ស្វីស ដោយសារ​របួស​កជើងធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ The Athletic នៅយប់ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បាន​បញ្ហាយ៉ាង​ខ្លាំង​បន្ទាប់​ពី​ឈ្នះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិស៊ែប៊ី។ វេជ្ជបណ្ឌិតប្រេស៉ីល លោក Rodrigo Lasmar បានបញ្ជាក់ថា Neymar នឹងខកខានការប្រកួត World Cup ជាលើកទីពីរជាមួយស្វីសនៅថ្ងៃចន្ទខាងមុខនេះ។

លោកបាននិយាយថា «Neymar បានចាប់ផ្តើមព្យាបាលកាលពីម្សិលមិញ (ថ្ងៃព្រហស្បតិ៍) ភ្លាមៗបន្ទាប់ពីការប្រកួតរបស់យើង។ ថ្ងៃនេះ (ថ្ងៃសុក្រ) នៅពេលព្រឹក ពួកគេត្រូវបានវាយតម្លៃឡើងវិញ ហើយដូចដែលយើងបានផ្តល់ព័ត៌មានរួចហើយនៅក្នុងការសម្ភាសកាលពីម្សិលមិញ តាមរយៈការវាយតម្លៃរាងកាយថ្ងៃនេះ យើងបានគិតថាវាមានសារៈសំខាន់ក្នុងការតាមដានបន្ថែមទៀតអំពីការវិវត្តនៃកីឡាករ»។

លោកបន្តថា «ការស្កែន​បាន​បង្ហាញ​ពី​របួស​សរសៃពួរ​ចំហៀង​ទៅ​កជើង​ស្តាំ​របស់ Neymar រួម​នឹង​ការ​ហើម​ឆ្អឹង​តូច។ កីឡាករ នៅតែស្ថិតក្នុងការព្យាបាល។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការស្ងប់ស្ងាត់ ហើយការវាយតម្លៃនេះនឹងត្រូវបានអនុវត្តជារៀងរាល់ថ្ងៃដើម្បីឱ្យយើងមានព័ត៌មាន និងធ្វើការសម្រេចចិត្តល្អបំផុតដោយផ្អែកលើនោះ»

Neymar ដែលជាខ្សែប្រយុទ្ធឆ្នើម របស់ជម្រើសជាតិប្រេស៉ីល បានស្រក់ទឹកភ្នែក ដោយសាររបួសកជើងធ្ងន់ធ្ងរ ដែលបង្កដោយខ្សែការពារស៊ែប៊ី ក្នុងការប្រកួតនៅព្រឹត្តិការណ៍ World Cup 2022 ។ យ៉ាងនេះក្តី សាំបាប្រេស៉ីល ដែលធ្លាប់ឈ្នះពាន World Cup ៥សម័យកាលច្រើនជាងគេនោះ នៅតែអាចបំបាក់គូប្រជែងស៊ែប៊ី ២-០ នាម៉ោង ២យប់រំលងអាធ្រាត្រយប់មិញ ថ្ងៃព្រហស្បត្តិ៍ ឈានចូលថ្ងៃសុក្រ (ម៉ោងនៅកម្ពុជា)។

នៅពេលមកដល់កៅអីអង្គុយវិញ Neymar បានបិទមុខរបស់គាត់ជាមួយនឹងអាវ ហើយហូរទឹកភ្នែកខណៈពេលដែលគាត់ ក៏ត្រូវបានចូលរួមពិនិត្យដោយគ្រូពេទ្យរបស់ក្រុមជម្រើសជាតិ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជ័យជម្នះលើប្រទេសស៊ែប៊ី គ្រូដឹកនាំជម្រើសជាតិប្រេស៉ីល លោក Tite បានធានាថា Neymar នឹងបន្តនៅក្នុងការប្រកួត World Cup ដោយរំពឹងថា របួសនឹងមិនយ៉ាប់យឺន។

Neymar គឺជាគោលដៅរបស់ខ្សែការពារស៊ែប៊ីពេញមួយការប្រកួត ខណៈដែលគាត់បានទទួលការប៉ះទង្គិច ជាកំហុសចំនួន៩ ក្នុងចំណោម១២ ពីដៃគូបដិបក្ខ រួមទាំងការវាយប្រហារដោយខ្សែការពារ Nikola Milenkovic ។ នៅក្នុងការប្រជែងយកបាល់ ដោយមិនបានប្រុងប្រយ័ត្ន Nikola បានធ្វើឲ្យកីឡាកររបស់ក្លិប PSG ដួល ដោយលក្ខណៈសង្កត់កជើងពេញទំហឹង ពីកីឡាករនោះ។

កីឡាករលេខ១០ របស់ប្រេស៉ីល បានត្អូញត្អែរភ្លាមៗអំពីកជើងខាងស្តាំរបស់គាត់ ហើយបុគ្គលិកពេទ្យបានបញ្ជាឱ្យគាត់ចាកចេញពីទីលានដោយគ្មានទ្រនាប់ និងស្រោមជើង៕