(ដូហា)៖ ៤ប្រកួតទៀតនឹងបន្តធ្វើឡើងនារាត្រីនេះនៃវគ្គសន្សំពិន្ទុនៅ World Cup 2022 ក្នុងប្រទេសកាតា គ្រាដែលគូអាហ្សង់ទីន ប៉ះមិចសិចលេងក្រោយគេនាម៉ោង ២យប់រំលងអាធ្រាត្រ។

១ប្រកួតបើកឆាកនាម៉ោង ៥ល្ងាចថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា) គឺជាការជួបគ្នារវាងទុយនេស៊ី ទល់នឹងអូស្រ្តាលី ប្រចាំពូល D ក្រោយពេលទុយនេស៊ីលេងស្មើគ្នា ០-០ ជាមួយដាណឺម៉ាក និងគូប្រជែងអូស្រ្តាលីវិញលេងចាញ់ក្រុមការពារតំណែងជើងឯក មាន់គកបារាំង ៤ទល់នឹង១។

ចំណែកឯ ១ប្រកួតទៀតនាម៉ោង ៨យប់វិញ គឺប៉ូឡូញប៉ះអារ៉ាប៊ីសាអូឌីត ក្នុងប្រកួតទី២ វគ្គសន្សំពិន្ទុប្រចាំពូល C នៅពេលប៉ូឡូញលេងស្មើ ០-០ ទល់នឹងមិចសិច និងអារ៉ាប៊ីសាអូឌីតលេងឈ្នះអាហ្សង់ទីន ២-១ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត និងដាណឺម៉ាក ប៉ះបារាំងក្នុងពូលជាមួយគ្នា នឹងធ្វើឡើងនាម៉ោង ១១យប់។

ចំណែកឯអាហ្សង់ទីន ដែលពុំទាន់មានពិន្ទុរាប់នោះ ត្រូវការឈ្នះមិចសិចប្រចាំពូល C ដើម្បីស្រោចស្រង់ស្ថានការណ៍ឡើងវិញ ក្រោយពេលចាញ់នៅថ្ងៃបើកឆាកក្រោមថ្វីជើងរបស់ក្រុមមកពីអាស៊ី៕