(ដូហា)៖ តារាជើងស៊ុត ពាក់លេខ១០ Neymar នឹងត្រូវអវត្តមាន ២ប្រកួតនៃវគ្គចែកពូល FIFA World Cup 2022 នៅប្រទេសកាតា ដោយសារជួបបញ្ហារបួសកជើង កាលប្រកួតបើកឆាកប្រចាំពូលរបស់ពួកគេ។

ក្រុមគ្រូពេទ្យបានថ្លែងប្រាប់ BBC ថា Neymar នឹងត្រូវអវត្តមាន ២ប្រកួតដែលនៅសល់ក្នុងពូល G ក្រោយពិនិត្យឃើញថា របួសកជើងខាងស្តាំរបស់កីឡាករដែលកំពុងលេងឲ្យក្លិប Paris Saint-Germain មានសភាពធ្ងន់ធ្ងរនោះ។

នេះមានន័យថា រូបគេនឹងបាត់មុខក្នុងប្រកួតពេលសាំបាប្រេស៊ីលប៉ះស្វីស និងកាមេរូន នៃវគ្គសន្សំពិន្ទុប្រចាំពូល G ដ្បិតជួយក្រុមអតីតជើងឯក World Cup ៥សម័យកាលនេះ ឈ្នះស៊ែប៊ី ២ទល់នឹង០ ពី ១ប្រកួតដំបូងរបស់ពួកគេរួចមក។

ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ Neymar ត្រូវបានប្តូរចេញនៅនាទី៨០ ក្រោយប៉ះទង្គិចគ្នាជាមួយខ្សែការពារ Nikola Milenkovic យ៉ាងខ្លាំងក្លានោះ ដែលធ្វើឲ្យកជើងខាងស្តាំរបស់លោកឡើងហើមភ្លាមៗផងដែរ ដ្បិត Neymar ធ្លាប់បានចាត់ទុកថា «បញ្ហារបួសជាក្តីបារម្ភដល់អាជីពបាល់ទាត់របស់ខ្ញុំ»៕