(បរទេស)៖ កាលពីពេលថ្មីៗនេះ Apple បានសម្រេចនូវជោគជ័យដ៏ធំមួយជាមួយនឹងមុខងារ Emergency SOS ដែលដំណើរការតាមរយៈ ផ្កាយរណប (Satellite) នៅលើត្រកូល iPhone 14 ចំនួន ២ម៉ូដែលរបស់ខ្លួន តាមរយៈភាពជាដៃគូរជាមួយ Globalstar។ ហើយឥឡូវនេះ Samsung ត្រូវបានគេរាយការណ៍កំពុងធ្វើការជាមួយ Iridium Communicatuion ដើម្បីនាំយកការតភ្ជាប់ Satellite ទៅកាន់ត្រកូល Galsxy S23 ជំនាន់ក្រោយរបស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

Iridium គឺជាក្រុមហ៊ុនទំនាក់ទំនងផ្កាយរណបពិភពលោក ដែលផ្តល់នូវការចូលប្រើសេវាកម្មសំឡេង និងទិន្នន័យគ្រប់ទីកន្លែងនៅលើផែនដី។ ដោយឡែកនេះមិនមែនជាលើកដំបូងទេដែល Samsung មានបំណងនាំយកការតភា្ជប់ Satellite ទៅកាន់ស្មាតហ្វូនរបស់ខ្លួន។ បើយោងតាមប្រភពបានឱ្យដឹងថា Samsung បានធ្វើកាជម្នេះទៅលើបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យាក្នុងការនាំយកការតភ្ជាប់ទំនាក់ទំងផ្កាយរណបទៅកាន់ស្មាតហ្វូននេះអស់រយៈពេល ២ឆ្នាំមកហើយ ហើយតាមរយៈភាពជាដៃគូរជាមួយក្រុមហ៊ុនអាមេរិក Iridium ទំនងជាអាចនាំ Samsung ទៅដល់គោលដៅរបស់ខ្លួននៅឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមរបាយការណ៍លេចធ្លាយ និងពាក្យចចាមអារ៉ាមកន្លងមកបានឱ្យដឹងថា ត្រកូល Galaxy S23 ជំនាន់ក្រោយនេះ Samsung នឹងពង្រឹងសមត្ថភាពទ្វេដងជាមួយនឹងការប្រើប្រាស់ផ្តាច់មុខនូវកំណែបន្ទះឈីបស៊េរីខ្ពស់ របស់ Qualcomm គឺ Snapdragon 8 Gen 2 រួមជាមួយមុខងារពិសេសមួយចំនួនទៀត។ ទន្ទឹមនឹងគម្រោងភា្ជប់ Satellite ជាមួយដៃគូរ Iridium ត្រូវបានគេបន្ថែមទៀតថា វានឹងអាចផ្ញើសារជាអក្សរ និងរូបភាពតូចៗទៅកាន់តំបន់គ្មានសេវា ឬគ្រោះថ្នាក់បានកាន់តែលឿន ដែលគម្រិតបញ្ជូនរបស់វាឈានដល់ រាប់រយគីឡូប៊ីតក្នុងមួយវិនាទី(hundreds of kbps)។

តែយ៉ាងណាចំពោះមុខងារពិសេសនេះ Samsung បានគូសបញ្ជាក់ថា ខ្លួនមិនរពឹងថានឹងទទួលបានជោគជ័យនៅលើទឹកដីរបស់ខ្លួននោះទេ ដោយទីនោះផ្ទៃដីគឺមានទំហំតូចហើយសម្រាប់បណ្តាញ 5G បច្ចុប្បន្ននេះគឺវាគ្រប់គ្រាន់ហើយ ប៉ុន្តែគេរំពឹងថា អាចនឹងទទួលបានជោគជ័យខ្ពស់នៅ អាមេរិកខាងជើង និងខាងត្បូង អឺរ៉ុប រុស្ស៊ី និង ប្រទេសចិន ជាពិសេសនៅក្នុងប្រទេសទាំងនោះ ផ្នែកហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានអភិវឌ្ឍខ្លាំង៕