(កូរ៉េ)៖ យោងតាមផលិតកម្ម YG Entertainment វីដេអូចម្រៀងរបស់ BLACKPINK ដែលមានចំណងជើងថា «Kill This Love» ដែលផ្ទុះខ្លាំងប្រចាំឆ្នាំ២០១៩នោះ នៅពេលនេះមានការចូលទស្សនាលើស ១.៧ពាន់លានដងនៅលើ YouTube គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ 

បទចម្រៀង «Kill This Love» ឥឡូវនេះបានក្លាយជាវីដេអូចម្រៀងក្រុម K-pop ទីពីរក្នុងប្រវត្តិសាស្ត្រដែលឈានដល់ចំណុចសំខាន់ នៃការចូលទស្សនាច្រើនបំផុត ខណៈបទទី១នោះ គឺមានចំណងជើងថា «DDU-DU DDU-DU» របស់ BLACKPINK។ វា​ក៏​ជា​វីដេអូ​ចម្រៀង K-pop ទី​បី ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​សរុបរហូតមានចំនួនចូលទស្សនាលើស ១.៧ពាន់​លាន ​តាម​ពី​ក្រោយ​បទ «Gangnam Style» របស់ PSY និង «DDU-DU DDU-DU» របស់ BLACKPINK។

ជាលទ្ធផល ក្នុងនាមជាក្រុមដំបូងគេ ហើយរហូតមកដល់ពេលនេះ​ មានតែក្រុម K-pop ទេ ដែលមានអ្នកចូលមើលលើសពី ១.៧ ពាន់លានដងក្នុង YouTube តាមរយៈវីដេអូចម្រៀង BLACKPINK ឥឡូវនេះក៏ជាសិល្បករកូរ៉េដំបូងគេ ដែលមានស្នាដៃទទួលបានការគាំទ្រច្រើនបែបនេះ។

គួរជម្រាបថា បទចម្រៀង «Kill This Love» ត្រូវបានចេញផ្សាយដំបូងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នៅដែលមានន័យថា វាចំណាយពេលជាង៣ឆ្នាំ ៧ខែ និង២០ថ្ងៃ ដើម្បីទទួលបានការទស្សនាចំនួន ១.៧ ពាន់លានដង លើ YouTube៕