(ភ្នំពេញ)៖ កំពូលតារាចម្រៀងអន្តរជាតិ KPOP កញ្ញា Chaelin ដែលត្រូវបានគេស្គាល់ជា CL បានមកដល់ ព្រលានយន្តហោះ ប្រទេសកម្ពុជាដោយសុវត្ថិភាព អមជាមួយនឹងការស្វាគមន៍ដ៏កក់ក្តៅ របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និង អ្នកគាំទ្រយ៉ាងច្រើនកុះករ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់មិញ។ ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម តារាងចម្រៀងក៏ដូចជា Rapper សញ្ជាតិកូរ៉េរូបនេះបានក្លាយជា ចំណាប់ អារម្មណ៍ដ៏លេចធ្លោ ជាមួយស្ទាយសំលៀកបំពាក់ដ៏ស្រស់ស្អាត ដែលធ្វើឲ្យ អ្នកគាំទ្រគ្រប់គ្នា រំភើបរីករាយ ស្ទើរតែពេញក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែងម្តង។

កញ្ញា CL ក៏បានបង្ហាញនូវគារវកិច្ចគោរពដល់ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំ អាង វឌ្ឍនៈ សម្រាប់ឱកាសជាថ្មីមកកាន់ ប្រទេសកម្ពុជា ក៏ដូចជាអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលបានឃើញអ្នកគាំទ្រ ជាច្រើននាក់ មកឈររងចាំទទួលស្វាគមន៍ ថែមទាំងមានការទទួលដោយ ឡាន សារ៉ែន អមដំណើរ ប្រកបដោយ ភាពគគ្រឹកគគ្រែង។

កញ្ញា CL នឹងវត្តមាន ជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា ដើម្បីមកចូលរួមសម្តែង ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យ «VATTANAC វ ALL IN FESTIVAL» ដែលរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាមួយនឹង វត្តមានរបស់ កំពូលតារាចម្រៀង ជួរមុខ ក្នុងស្រុកជាច្រើនរូបទៀត ដូចជា កញ្ញា មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង៤ ដែលកំពុងទទួលបានការគាំទ្រ យ៉ាងខ្លាំងពី ទស្សនិកជនគឺ អាយដល លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និងនាង ដាវីន។ មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន នឹងទទួលបាននូវបទពិសោធន៍កាន់តែសប្បាយ ជាមួយការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បី និងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្ត ជាច្រើនទៀត។

កុំភ្លេចណា៎! ត្រៀមខ្លួនហ៊ោឲ្យស្អកកនារាត្រីនេះ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណOCIC ភ្នំពេញ ចាប់ពីម៉ោង ១០ព្រឹកតទៅ៕