(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ខ្នាតវីឡា ស្ថិតក្នុងតំបន់មានសក្តានុពល ក្នុងរាជធានីភ្នំពេញ បានសហការគ្នាជាមួយធនាគារភ្នំពេញពាណិជ្ជ (PPCBank) ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទាន ដល់អតិថិជន ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ៍ ផាក។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន ព្រីមៀរ៍ ផាក និងធនាគារភ្នំពេញពាណិជ្ជ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទន់ ឆៃអ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីមៀរ៍ ផាក បានថ្លែងថា កិច្ចសហការ ភាពជាដៃគូនេះ នឹងបង្កភាពងាយស្រួលដល់អតិថិជន ដែលបានទិញដីឡូតិ៍ពីគម្រោង ព្រីមៀរ៍ ផាក ដែលអាចស្នើប្រាក់កម្ចីពី ធនាគារភ្នំពេញពាណិជ្ជកម្មរហូតដល់៧០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ ជាមួយនឹងរយៈពេលកម្ចីបានរហូត ១៥ឆ្នាំ ក្នុងអត្រាការប្រាក់សមរម្យ ព្រមទាំងការអនុម័តប្រាក់កម្ចីរហ័ស និងមានលក្ខណៈអនុគ្រោះមួយចំនួន សម្រាប់អតិថិជន។

លោកបន្ថែមថា កិច្ចសហការរវាងធនាគារភ្នំពេញពាណិជ្ជ និងក្រុមហ៊ុន ព្រីមៀរ៍ ផាក នឹងជួយផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក នៅក្នុងដំណើរការពង្រឹង និងពង្រីកអាជីវកម្មស្របតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន និងបានផ្តល់ឱកាសធនាគារភ្នំពេញពាណិជ្ជ អាចចូលរួមផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ តាមរយៈការផ្តល់ឥណទានដីឡូតិ៍ ដល់អតិថិជនរបស់ក្រុមហ៊ុន ព្រីមៀរ៍ ផាក។

លោកបន្តថា បច្ចុប្បន្នគម្រោងព្រីមៀរ៍ ផាក បាននិងកំពុងអភិវឌ្ឍលើផ្ទៃដីសរុបចំនួន ៧០ហិកតា ដែលរួមមានគម្រោងដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ភូមិគ្រឹះ ខុនដូរ អាផាតមិន ក្លឹបហាត់ប្រាណ សួនកម្សាន្ត និងអាងហែលទឹក ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍក្បាលនាគ ហ៊ុំព័ទ្ធទៅដោយគម្រោងធំៗជាច្រើន ជាពិសេសនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូថ្មី សួនសត្វភ្នំពេញសាហ្វារី សណ្ឋាគារលំដាប់ផ្កាយប្រាំ វិមានឈ្នះឈ្នះ ទីលានវាយកូនហ្គោល រដ្ឋាករទឹកស្វ័តក្រុងភ្នំពេញ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ផ្លូវមហាវិថីឈ្នះឈ្នផ្លូវជាតិលេខ៦អា ដែលជាតំបន់កំពុងមានសក្តានុពលខ្ពស់ និងអមដោយទន្លេសាប និងទន្លេមេគង្គ ដែលបង្កលក្ខណៈងាយស្រួល សម្រាប់ការរស់នៅដែលល្អបំផុត ប្រកបដោយផាសុកភាព។

លោកបានលើកឡើងទៀតថា «គម្រោងនេះ ខ្ញុំបានសិក្សាអស់រយៈពេល២ឆ្នាំ ហើយយើងគិតថា ទីតាំងនេះគឺជាទីតាំងល្អ ដែលត្រូវវិនិយោគ។ នៅថ្ងៃអនាគតក្រុមហ៊ុន នឹងបង្កើតគម្រោងថ្មីៗ ជាច្រើនទៀត ដែលជាតម្រូវការសម្រាប់អតិថិជន របស់ក្រុមហ៊ុន ព្រីមៀរ៍ ផាក។»

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារភ្នំពេញពាណិជ្ជ បានថ្លែងថា កិច្ចសហការរវាងស្ថាប័នទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ ដល់អតិថិជនដែលមានបំណងចង់វិនិយោគ ទិញដីឡូតិ៍ខ្នាតវីឡា នៅក្នុងទំហំណាមួយពីគម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក ដែលស្ថិតនៅក្នុងតំបន់ពហុចំរុះពាណិជ្ជកម្មធំៗដែលមានសក្តានុពលខ្លាំង។

លោកបន្តថា «ជាធម្មតាក្នុងការសហការគ្នាយើងត្រូវសិក្សាពីដៃគូ បន្ទាប់មកយើងសិក្សាទៅលើគម្រោង យើងឃើញថាទីតាំងដីឡូតិ៍នេះ ស្ថិតនៅកណ្តាលក្រុង មានទីតាំងល្អនៅជិតស្តាត។ ហេតុនេះហើយបន្ទាប់ពីការវាយតម្លៃរបស់ធនាគារ យើងសម្រេចសហការជាមួយគ្នា ហើយកិច្ចសហការនេះ យើងនឹងជោគជ័យទាំងបីភាគី រួមមានម្ចាស់គម្រោងដីឡូតិ៍ ធនាគារ និងអតិថិជន »

សូមជម្រាបថា ព្រីមៀរ៍ ផាក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ផ្តោតលើដីឡូតិ៍ខ្នាតវីឡា ផ្ទះអាជីវកម្ម ខនដូ អាផាតមិន ក្លឹបហាត់ប្រាណ។ ជំហានទី១ ក្រុមហ៊ុននឹងអភិវិឌ្ឍន៍ដីឡូតិ៍ខ្នាតវីឡាលើដីទំហំ៧០ហិកតា ជិតស្តាតថ្មី ដែលមានប្រមាណជាង៥០០ឡូតិ៍ ។ ចំណែកដីឡូតិ៍ខ្នាតវីឡា មាន៣ទំហំ រួមមាន៖ ១០x២០ម៉ែត្រ , ១០x៣០ម៉ែត្រ , ២០x៣០ម៉ែត្រ និងធំជាងនេះ ទៅតាមតម្រូវការរបស់អតិថិជន។

បច្ចុប្បន្ននេះគម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក បានចាក់ដីបំពេញរួចរាល់១០០% ហើយ ខណៈបច្ចុប្បន្ននេះ បាននឹងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោង ដូចជា ប្រព័ន្ធលូ ប្រព័ន្ធផ្លូវរដ្ឋទំហំ២០ម៉ែត្រ ដែលជាផ្លូវបេតុងកម្រាស់២តឹក ដោយតភ្ជាប់ពីផ្លូវជាតិលេខ៦អា ទៅដល់ផ្លូវទំនប់៧មករា ស្របពេលដែលប្រព័ន្ធទឹក ភ្លើងរដ្ឋ បានរៀបចំជាស្រេចមិនឲ្យអតិថិជនពិបាក ក្នុងការរត់ការតភ្ជាប់របងខ័ណ្ឌព្រំដីឡូតិ៍នីមួយៗ និងដាំដើមឈើ តាមផែនការដែលបានគ្រោងទុកជូនអតិថិជន។

ដោយមានការគាំទ្រ ពីអតិថិជន បច្ចុប្បន្ននេះគម្រោង ដីឡូតិ៍នេះលក់បាន៩០% ហើយ។ ដើម្បីអបអរសាទរដល់ការលក់បង្ហើយឡូតិ៍ ដែលនៅសល់ និងឈានទៅបើកដំណាក់កាលថ្មីដ៏ខ្លីខាងមុខ គម្រោងព្រីមៀរ៍ ផាក បានផ្តល់ជូនការបញ្ចុះតំលៃពិសេស រហូតដល់១៨% និងកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ៕