(ភ្នំពេញ)៖ ពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ពិធីបិទនេះ នឹងមានទស្សនីកភាពដ៏អស្ចារ្យ មិនចាញ់ពិធីបើកឡើយ ពិសេសទស្សនីយភាព និងការសម្ដែង ដែលផ្ដោតសំខាន់លើការផ្ដល់នូវក្ដីសង្ឃឹមសម្រាប់អនាគតយុវជនកម្ពុជាតែម្ដង ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ(NOCC) ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីព្រឹត្តិការណ៍ខាងលើ ដែលដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោកបន្ដថា កិច្ចប្រជុំចម្រុះនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សាលារាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់ និងគណៈកម្មការពាក់ព័ន្ធ ដើម្បីពិភាក្សា និងរកដំណោះស្រាយនូវចំណុចខ្វះខាតមួយចំនួនក្នុងពិធីបើក ដើម្បីត្រៀមរៀបចំពិធីបិទឲ្យមានភាពអធិកអធម និងអស្ចារ្យ ។

លោកថា «អ្វីដែលសំខាន់ ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានអង្គប្រជុំ បានលើកឡើងអំពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ដែលចំណុចខ្វះខាតមួយចំនួន ក្នុងពិធីបើករបស់យើង យើងបានជជែកផ្ទៃក្នុងជាមួយគ្នា ដើម្បីរកដំណោះស្រាយរួម។ ធ្វើយ៉ាងណាសម្រួលដល់អ្នកចូលរួមទស្សនាជាង ៤ម៉ឺននាក់ រួមជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសថ្នាក់ VVIP និង VIP ឲ្យទទួលបាននូវសុវត្ថិភាព និងភាពកក់ក្ដៅទាំងអស់គ្នា ចាប់ពីដំណើរមកចូលរួម រហូតអញ្ជើញត្រឡប់ទៅវិញ»

«យើងសង្កេតឃើញថា នៅពេលពិធីបើក យើងជោគជ័យក្នុងការសម្ដែង ជោគជ័យក្នុងការរៀបចំ និងការងារមួយចំនួនទៀត ដែលយើងបានដឹងទាំងអស់គ្នា ប៉ុន្ដែចំណុចដែលយើងមានការខ្វះខាត ក៏យើងត្រូវតែត្រៀមលក្ខណៈដែរ។ សំខាន់ជាងគេ គឺសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់តែម្ដង ដែលជាគោលការណ៍សំខាន់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ដ្រី សូម្បីការឧបត្ថម្ភទឹកសុទ្ធ និងអ្វីផ្សេងទៀត ក៏ត្រូវគិតគូរ និងយកចិត្តទុកដាក់ផងដែរ ពិសេសការផ្ដល់នូវសេវាសុខាភិបាល ពេលមានបញ្ហាតែម្ដង»

លោក វ៉ាត់ ចំរើន បន្ថែមថា «ពិធីបើក បានបំផ្ទុះនូវព័ត៌មានដ៏ធំមួយរួចមកហើយ ។ ចំណែកក្នុងពិធីបិទនេះ ក៏យើងនឹងធ្វើឲ្យមានអ្វីមួយអស្ចារ្យបន្ថែមទៀត សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេស តាមរយៈបណ្ដាញផ្សព្វផ្សាយ និងបណ្ដាញសង្គម...។ ពិធីបិទនេះ យើងឃើញមានការចង់ចូលរួមច្រើនណាស់ ហើយយើងមិនអាចនិយាយមុនទេ គ្រាន់តែអាចនិយបានថា យើងនឹងមានភាពអស្ចារ្យមួយ សម្រាប់យុវជនរបស់យើង នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ»

ជារួមពិធីបិទ នាសប្ដាហ៍ក្រោយនេះ នឹងមានរៀបចំនូវទស្សនីយភាពជាច្រើន និងមានការចូលរួមពីតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជា និងការសម្ដែងមួយចំនួនទៀត ដែលជាការសម្ដែងដើម្បីផ្ដល់នូវក្ដីសង្ឃឹមសម្រាប់យុវជនកម្ពុជានាថ្ងៃអនាគត។ ពិសេសការផ្ដល់នូវភាពត្រចះត្រចង់ នៃការរក្សាបាននូវសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅអនាគតដ៏រុងរឿងមួយ ដូចទៅនឹងព្រឹត្តិការណ៍កីឡាអន្ដរជាតិធំៗ ទាំងកីឡាអាស៊ី និងកីឡាអូឡាំពិក គឺត្រូវបញ្ចប់ដោយក្ដីសង្ឃឹម ។

គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ធ្វើឡើងពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកីឡាជាតិ បានកំណត់កីឡាចំនួន ៣៨ប្រភេទ និងកីឡាជាតិជនពិការ បានកំណត់កីឡាចំនួន ៧ប្រភេទ លើវិញ្ញាសាសរុបចំនួន ៤០៥ ដោយផ្ដោតសំខាន់លើការបាញ់ឆ្ពោះទៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ៕