(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាលើកទម្ងន់អន្ដរជាតិ លើកទី១ ដែលរៀបចំដោយសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយរៀបចំ ៤ថ្ងៃ ពីថ្ងៃទី២២-២៥ ខែវិច្ឆិកាន្លងទៅ ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានជំរុញឲ្យមន្ដ្រីបច្ចេកទេសទាំងអស់ ត្រូវផ្សព្វផ្សាយចំណេះដឹងទទួលបានពីវគ្គនេះ ហើយខិតខំសិក្សាស្វែងយល់បន្ថែម ដើម្បីដុសខាតសមត្ថភាពត្រៀមឆ្ពោះទៅដឹកនាំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធ បានថ្លែងក្នុងពិធីបិទវគ្គថា សិក្ខាកាមដែលបានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសអន្ដរជាតិខាងលើ ត្រូវយកចំណេះដឹងទៅផ្សព្វផ្សាយវិស័យកីឡាលើកទម្ងន់ដល់មនុស្សរាប់ម៉ឺននាក់បានដឹង និងបានស្គាល់ពីប្រភេទកីឡាមួយនេះ ។ ម្យ៉ាងត្រូវត្រៀមខ្លួនទាំងអស់គ្នា ដើម្បីចូលរួមអនុវត្តការងារជាក់ស្ដែង នៅក្នុងការប្រកួតកីឡាជាតិ លើកទី៣ ដែលកីឡាលើកទម្ងន់ គ្រោងប្រកួតពីថ្ងៃទី២៨-៣០ ខែវិច្ឆិកាខាងមុខនេះ ។

អ្វីដែលពិសេស គឺសិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សាបន្ថែម ពីបទបញ្ជា និងលក្ខខណ្ឌបច្ចេកទេសផ្សេងៗ នៃកីឡាលើកទម្ងន់អន្ដរជាតិ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ត្រៀមចូលរួមដឹកនាំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ។ លោកសង្ឃឹមថា មន្ដ្រីបច្ចេកទេសកម្ពុជា នឹងមានវត្តមានដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធ វគ្គការបណ្តុះបណ្តារយៈពេល ៤ថ្ងៃនេះ មានសិក្ខាកាមចូលរួមសរុប ២៥នាក់ ដែលបង្រៀនដោយគ្រូឧទ្ទេសលោក Yong Joo Liaw សមាជិកប្រតិបត្តិសហព័ន្ធ កីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍។ វគ្គនេះសំខាន់ណាស់សម្រាប់ការរៀបចំការប្រកួតកីឡាលើកទម្ងន់ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងត្រៀមស៊ីហ្គេមឆ្នាំក្រោយ ។ ចំពោះលទ្ធផល សិក្ខាកាមទទួលបាននិទ្ទេសល្អណាស់ ១៥% នទ្ទេសល្អ ៣៥% និទ្ទេសល្អបង្គួរ ២៥% និងនិទ្ទេសមធ្យម ២៥% ៕