(ភ្នំពេញ)៖ សាកលវិទ្យាល័យខេមរៈ ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ចុះវាយតម្លៃ និង ទទួលស្គាល់គុណភាពអប់រំ ចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំ។ ការចុះវាយតម្លៃនេះធ្វើឡើងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

គណៈកម្មការវាយតម្លៃរបស់ក្រសួងអប់រំ ត្រូវបានដឹកនាំដោយ លោកបណ្ឌិត រស់ សុវាចា ជាអគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ការចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំនេះ គឺមានសុពលភាព៥ឆ្នាំម្ដង ដើម្បីធានាថា ការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំទូទៅ ក៏ដូចជាសាកលវិទ្យាល័យខេមរៈផ្ទាល់ បានបំពេញនូវលក្ខន្តិក និងស្តង់ដារអប់រំ ដែលកំណត់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ។

នៅក្នុងឱកាសចុះវាយតម្លៃគុណភាពអប់រំពីនេះ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត រស់ រ៉ាវុធ បានឲ្យដឹងថា៖ «សាកលវិទ្យាល័យខេមរៈ មានចំណុចខ្លាំងចំនួន៤ ដោយនៅក្នុងនោះមានដូចជា៖ ១, ការបង្រៀនរបស់សាស្រ្តាចារ្យមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ២, ការបង្រៀនប្រកបដោយមនៈសិការ និងវិជ្ជាជីវៈ ៣, សាស្រ្តាចារ្យមានការស្រាវជ្រាវខ្ពស់ ក្នុងការផ្ដល់នូវចំណេះដឹង ដល់និស្សិត និងទី៤ និស្សិតដែលបានបញ្ជប់ការសិក្សានៅសាកលវិទ្យាល័យខេមរៈកន្លងមកមានរហូតដល់ទៅ ៩៧,២% គឺមានការងារធ្វើ»

សាកលវិទ្យាល័យខេមរៈ (Khemarak University) មានមហាវិទ្យាល័យចំនួន៧ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចំនួន១ ដែលនៅក្នុងនោះមានដូចជា៖
១៖ មហាវិទ្យាល័យ វិទ្យាសាស្រ្តអប់រំ
២៖ មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
៣៖ មហាវិទ្យាល័យ វិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ
៤៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍
៥៖ មហាវិទ្យាល័យមនុស្សសាស្រ្ត សិល្បៈ និងភាសាវិទ្យា
៦៖ មហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ
៧៖ មហាវិទ្យាល័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងព័ត៌មានវិទ្យា
៨៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្រាវជ្រាវ។

សម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ សាកលវិទ្យាល័យមានការផ្ដល់ជូននូវតម្លៃសិក្សាពិសេសដោយនៅក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ តម្លៃសិក្សាមួយឆ្នាំត្រឹមតែ ៣៦០ដុល្លារតែប៉ុណ្ណោះ ចំពោះតម្លៃសិក្សាថ្នាក់អនុបណ្ឌិត មានតម្លៃ ៧៥០ដុល្លារក្នុងមួយឆ្នាំ និងត្រូវសិក្សារយៈពេល២ឆ្នាំ។ ខណៈថ្នាក់បណ្ឌិតវិញសិក្សារយៈពេល៣ឆ្នាំ ក្នុងតម្លៃត្រឹមតែ ៦ ០០០ ដុល្លារ រហូតចប់កម្មវិធីសិក្សា ដោយនិស្សិតមិនមានការចំណាយអ្វីបន្ថែមទៀតនោះឡើយ ព្រោះរាល់ការចំណាយគ្រប់ដំណាក់កាលនៃការការពារ លើសាស្រ្តាចារ្យដឹកនាំ និងគណៈកម្មការជាបន្ទុករបស់សាកលវិទ្យាល័យទាំងស្រុង។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ខេមរៈ (Khemarak University) មានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ (ផ្លូវសែនសុខ)បត់ចូលផ្លូវលំ៧២ ចម្ងាយ២០ ម៉ែត្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យមួយដែលមានបទពិសោធន៍ក្នុងការបង្រៀនអស់រយៈពេល ១៥ឆ្នាំកន្លង មកហើយ។ ក្នុងនាមជាសាកលវិទ្យាល័យមួយ ដែលបទពិសោធន៍ខ្ពស់ក្នុងការបង្រៀន សាកលវិទ្យាល័យខេមរៈ ក៏មានកិច្ចសហ ប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំសំខាន់ៗជាច្រើនទៀតផងដែរ។

ប្រសិនជាលោកអ្នកមានចម្ងល់ និងចង់ដឹងអំពីព័ត៌មានលម្អិតផ្សេងៗ អាចទាក់ទងសាកលវិទ្យាល័យខេមរៈ តាមរយៈលេខទូរស័ព្ទ៖ ០១២/០៨១ ៤៩ ៣៣ ៣៤, ០៩៧ ៧០៧ ១១១១ ឬ តាមរយៈTelegram ០៨១ ៤៩ ៣៣ ៣៤ ៕