(ដូហា)៖ កីឡាករ Raphael Varane នឹងចាប់ផ្តើមលេងនៅខ្សែការពារកណ្តាលវិញ សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិបារាំង ប៉ះដាណឺម៉ាក នៅក្នុងវគ្គជម្រុះក្នុងពូល D របស់ពួកគេ នៅឯព្រឹត្តិការណ៍ World Cup នាថ្ងៃសៅរ៍នេះ បន្ទាប់ពីជាសះស្បើយពេញលេញពីរបួសសរសៃពួរកែងជើង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

Varane នឹងលេងជាដៃគូជាមួយកីឡាករ Dayot Upamecano ខណៈ Jules Kounde ជំនួសកីឡាករ Benjamin Pavard លេងនៅផ្នែកខាងស្តាំ នៃខ្សែការពារ។

កីឡាករ Aurelien Tchouameni និង Adrien Rabiot ចាប់ផ្តើមលេងក្នុងតំណែងខ្សែបម្រើ ជាមួយកីឡាករ Antoine Griezmann នៅក្នុងការគាំទ្រ ដល់ខ្សែប្រយុទ្ធ៣រូប គឺ Ousmane Dembele, Kylian Mbappe និង Olivier Giroud។

សម្រាប់ក្រុមដាណឺម៉ាក គ្រូបង្វឹក Kasper Hjulmand បានជំនួសកីឡាករដែលមានរបួស Thomas Delaney ដោយកីឡាករ Mikkel Damsgaard៕