(ដូហា)៖ ៤ប្រកួតនារាត្រីនេះសម្រាប់ថ្ងៃទី៨ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតានោះ គឺផ្តើមចេញពីការប្រកួតសន្សំពិន្ទុជុំទី២ ប្រចាំពូល E និង F ជាមួយនឹងគូពិសេសអាល្លឺម៉ង់ ប៉ះអេស្ប៉ាញផងដែរ។

គូបើកឆាកនាម៉ោង ៥ល្ងាចថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា គឺជាការជួបគ្នារវាងសាម៉ូរៃខៀវជប៉ុន ប៉ះកូស្តារីកា សន្សំពិន្ទុប្រចាំពូល E នៅមុនពេលគូឯកអាល្លឺម៉ង់ជួបអេស្ប៉ាញ ធ្វើឡើងនាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

ចំណែកឯ ២ប្រកួតទៀតក្នុងពូល F វិញគឺជាការជួបគ្នារវាងប៊ែលហ្សិក ជួបម៉ារ៉ុក នាម៉ោង ៨យប់ នៅមុនពេលក្រូអាតដែលជាជើងឯករងកាលពី ៤ឆ្នាំមុននៅប្រទេសរុស្ស ជួបកាណាដានាម៉ោង ១១យប់។

គួរបញ្ជាក់ផងថា ក្រោយដំណើរការអស់ ២៤ប្រកួតមកនេះក្នុងចំណោម ៨ថ្ងៃ ឃើញថា មានតែបារាំង ១គត់ដែលធានាកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេ គ្រាដែលកីឡាករ Enner Valencia របស់អេក្វាឌ័រ និង Kylian Mbappe របស់បារាំង រកបាន ៣គ្រាប់ច្រើនគេជាបណ្តោះអាសន្នផងដែរ៕