(បរទេស)៖ ដូចយើងបានដឹងហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Samsung គឺជាជម្រើសដំបូងមួយ ក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED ទាំងអស់សម្រាប់ Apple យកទៅបំពាក់នៅលើ iPhone ជំនាន់ថ្មីៗរបស់គេ ហើយជាក់ស្តែងរបាយការណ៍ថ្មីនេះក៏មិនខុសពីមុនដែល ដោយឆ្នាំនេះ Samsung នឹងបន្តការផ្គត់ផ្គង់ប្រមាណ ៧០ភាគរយនៃអេក្រង់ OLED សម្រាប់ត្រកូល iPhone ទាំង ៤ម៉ូដែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Samsung នឹងផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 14 នៅឆ្នាំនេះ ដោយក្នុងនោះរួមមាន Model iPhone 14 និង iPhone 14 Plus នឹងត្រូវបានផ្គត់ផ្គង់ជាមួយបន្ទះអេក្រង់ធម្មតា ចំណែកឯ iPhone 14 Pro / Pro Max ជាមួយនឹងប្រភេទអេក្រង់ LTPO របស់ពួកគេ។

យ៉ាងណាមិញបើតាមរបាយការណ៍ពីសារព័ត៌មានកូរ៉េ The Elec បានបង្ហាញថា ក្រុមហ៊ុន Apple គ្រោងនឹងផលិតត្រកូល iPhone 14 សរុបចំនួន ១២០លានគ្រឿង។ ក្នុងចំណោមនោះគេរំពឹងថា យ៉ាងហោចណាស់ ៨០លានគ្រឿងនឹងត្រូវបានបំពាក់ដោយបន្ទះអេក្រង់របស់ Samsung ចំណែកឯជាង ២០+ លានគ្រឿងទៀតនឹងត្រូវបានបំពាក់ដោយបន្ទះអេក្រង់ពី LG Display ហើយប្រហែល ៦លានគ្រឿងគឺជារបស់ BOE ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេរបស់ចិន។ ដោយឡែកនៅសល់ជាង ១០លានបន្ទះអេក្រង់ទៀតគេមិនទាន់បញ្ជាក់ពីអ្នកផ្គត់ផ្គង់នៅឡើយទេ៕