(ភ្នំពេញ)៖ ជាទស្សនៈរបស់ប្រជាពលរដ្ឋមួយចំនួនយល់ឃើញថា ការរួមរស់ជាមួយគ្នាដែលមានលក្ខណៈជាប្ដី-ប្រពន្ធ រយៈពេលយូរ ឬប្រារព្ធនូវពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីទំនៀមទម្លាប់នោះ គឺជាប្ដី-ប្រពន្ធដែលស្របតាមច្បាប់ហើយ។ ចំពោះការយល់ឃើញ ក៏ដូចជាការអនុវត្តបែបនេះ គឺមិនត្រឹមត្រូវតាមច្បាប់នោះទេ ពីព្រោះថា ច្បាប់បានកំណត់ថា ប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ដែលស្របច្បាប់ គឺបុរស និងនារី ដែលបានគោរព និងអនុវត្តនូវលក្ខខណ្ឌតាមច្បាប់ ជាពិសេសការចុះបញ្ជីអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

ផ្ទុយទៅវិញ ប្រសិនបើបុរស និងនារី គ្រាន់តែបានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីទំនៀមទម្លាប់ ឬរួមរស់ជាមួយគ្នាដែលមានលក្ខណៈជាប្ដី-ប្រពន្ធ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវបានហៅថា «អនីតិសង្វាស»

តើអនីតិសង្វាស និងអាពាហ៍ពិពាហ៍ស្របច្បាប់ មានភាពខុសគ្នាដូចម្ដេច? តើការរួមរស់ជាមួយគ្នាដែលជាអនីតិសង្វាសបែបនេះអាចធ្វើឱ្យមានផលប៉ះពាល់ដែរ ឬទេ?

ហេតុដូច្នេះដើម្បីស្រាយនូវចម្ងល់ខាងលើនេះ ក៏ដូចជាចំណេះដឹងផ្នែកច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និង និសិ្សត កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី អនីតិសង្វាស មកធ្វើការចែករំលែកដូចតទៅ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលផ្តល់នូវនិយមន័យ ឬលក្ខខណ្ឌច្បាប់ដែលចែងអំពីអនីតិសង្វាសនោះទេ។

ប៉ុន្តែការរួមរស់ជាអនីតិសង្វាសបែបនេះអាចធ្វើឱ្យភាគីទាំងពីរបាត់បង់នូវសិទ្ធិ និងផលប្រយោជន៍ ដែលអាចនាំឱ្យមានផលវិបាកមួយចំនួនដល់ភាគីទាំងពីរ ដូចជា៖

*១៖ ទំនាក់ទំនងញាតិនៅក្នុងរង្វង់គ្រួសាររបស់ភាគីទាំងពីរ មិនត្រូវបានបង្កើតឡើងនោះទេ។

*២៖ ប្រាក់ចំណូលដែលបានមកក្នុងអំឡុងពេលអនីតិសង្វាស គឺខុសពីប្រាក់ចំណូលដែលបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ស្របច្បាប់ ពោលគឺប្រាក់ចំណូលដែលបានមកក្នុងអំឡុងពេលអនីតិសង្វាសនេះ មិនត្រូវបានចាត់ទុកថាជាទ្រព្យរួមរបស់ភាគីទាំងពីរឡើយ។

*៣៖ ប្ដី ឬប្រពន្ធនៃអាពាហ៍ពិពាហ៍ស្របច្បាប់ នឹងក្លាយទៅជាសន្ដតិជនជានិច្ច ក្នុងការទទួលបានមត៌ករបស់ ភាគីម្ខាងទៀត នៅពេលដែលប្ដី ឬប្រពន្ធ បានទទួលមរណៈភាព ។ ប៉ុន្តែចំពោះអនីតិសង្វាសវិញ គឺនៅពេលភាគីម្ខាងបានទទួលមរណភាព ដូចនេះភាគីម្ខាងទៀតមិនអាចក្លាយជាសន្តតិជនជានិច្ចតាមច្បាប់ ក្នុងការទទួលបានមរតក៌នោះឡើយ លើកលែងតែមានបណ្ដាំមត៌ក។

*៤៖ នៅក្នុងអំឡុងពេលអនីតិសង្វាស ភាគីម្ខាងមានសិទ្ធិក្នុងការរួមរស់ ឬរកដៃគូថ្មីបាន ដោយពុំចាំបាច់ដាក់ពាក្យបណ្តឹងលែងលះតាមផ្លូវតុលាការ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះទេ។ ករណីនេះ ភាគីម្ខាងទៀតក៏មិនអាចប្តឹងទៅភាគីម្ខាង ពីបទ អំពើផិត ឬសាហាយស្មន់ផងដែរ ដោយហេតុថា ភាគីទាំងពីរពុំមានចំណងអាពាហ៍ពិពាហ៍តាមច្បាប់នោះទេ។

*៥៖ អនីតិសង្វាសនេះទៀតសោត ក៏ពុំមានអភ័យឯកសិទ្ធិគ្រួសារ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះដែរ ពោលគឺអំពើលួចទ្រព្យសម្បត្តិរបស់ប្ដី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់ មិនអាចត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌបានទេ។

សរុបមក អនីតិសង្វាស គឺជាការរួមរស់ជាមួយគ្នា ដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។  ត្បិតតែនៅពេលបែកបាក់គ្នា ភាគីនៃអនីតិសង្វាសមិនមានភាពស្មុគស្មាញដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់ក៏ដោយ ប៉ុន្តែអនីតិសង្វាសនេះក៏មិនត្រូវបានច្បាប់ការពារ និងទទួលបានអត្ថប្រយោជន៍ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះដែរ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក គន្ធ មូលសក្ដា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕