(ដូហា)៖ ៤ប្រកួតបញ្ចប់ជុំទី២ សម្រាប់ពូល E និង F នៅ FIFA World Cup 2022 ឃើញថា ក្រុមខ្លាំងសាម៉ូរៃជប៉ុន និងប៊ែលហ្សិកចាញ់ដូចគ្នា នៅពេលជំនួបរវាងក្រុមខ្លាំងអាល្លឺម៉ង់ និងអេស្ប៉ាញ បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នាយប់មិញនេះ។

១ប្រកួតបើកឆាកពីក្នុងពូល E គឺជប៉ុនដែលយកឈ្នះអាល្លឺម៉ង់ ២-១ បានលេងចាញ់កូស្តារីកា ១ទល់នឹង០ ទៅវិញនាម៉ោង ៥ល្ងាចថ្ងៃអាទិត្យ ទី២៧ នៅមុនពេលអាល្លឺម៉ង់ និងអេស្ប៉ាញ ចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយលេងស្មើ ១-១ នាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

ចំណែកឯ ២ប្រកួតទៀតក្នុងពូល F វិញ គឺក្រុមខ្លាំងបិសាចក្រហមប៊ែលហ្សិក បែរជាភ្លាត់ស្នៀតលេងចាញ់ម៉ារ៉ុកដល់ទៅ ២ទល់នឹង០ នាម៉ោង ៨យប់ក្បាលព្រលប់ នៅមុនពេលក្រូអាតដែលជាជើងឯករងកាលពី ៤ឆ្នាំមុននោះ បានវាយបកឈ្នះកាណាដា ៤-១ វិញ និងជាការរកបាន ៣ពិន្ទុលើកដំបូងផងដែរ ក្នុងចំណោម ២ប្រកួតនៅ World Cup លើកទី២២ នៅប្រទេសកាតានេះ ក្រោយពេលស្មើគ្នា ០-០ ពេលប៉ះម៉ារ៉ុកនៅថ្ងៃបើកឆាកក្នុងពូល។

ឆ្លងកាត់ប្រកួត World Cup 2022 រយៈពេល ៩ថ្ងៃមកនេះ មានតែកីឡាករ ២នាក់គត់ដែលឈរនៅកំពូលតារាងគ្រាប់ស៊ុត (Top scorer) មានចំនួន ៣គ្រាប់ច្រើនជាងគេ គឺ Enner Valencia របស់ប្រទេសអេក្វាឌ័រ និង Kylian Mbappe របស់បារាំង៕