(បរទេស)៖ បន្ទាប់ពីផ្អាកមុខងារ Verify គណនី Twitter កាលពីសប្តាហ៍មុននេះ ពេលនេះនាយកប្រតិបត្តិក្រុមហ៊ុនTwitter ថ្មីលោក Elon Musk បានឱ្យដឹងថា Twitter នឹងចាប់ផ្តើមបើកដំណើរការមុខងារនោះឡើងវិញហើយ ចាប់ពីថ្ងៃទី០២ ខែធ្នូ ខាងមុខនេះ ជាមួយនឹងប្រភេទមុខងារ ៣ផ្សេងគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមកខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Twitter នឹងដាក់ចេញមុខងារ Verify ចំនួន ៣ផ្សេងគ្នាដោយក្នុងនោះរួមមាន Twitter Gold សម្រាប់កំណត់អត្តសញ្ញាណក្រុមហ៊ុន Twitter Grey សម្រាប់កំណត់អត្តសញ្ញាណរដ្ឋាភិបាល ឬបុគ្គលិកអង្គការ និង Twitter Blue សម្រាប់កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ទូទៅ ឬបុគ្គលល្បីៗ។

ទន្ទឹមនឹងការប្រកាសបង្ហាញរបស់ Musk ចំពោះការដាក់ចេញនូវការកំណត់សម្គាល់មុខងារ Verify ផ្សេងពីគ្នានេះ ប្រភពពីអ្នកប្រើប្រាស់ Twitter ម្នាក់ដែលមានឈ្មោះថា Crypto King បានចោទសួរថា «ដូច្នេះរាល់ការ Verify ខាងលើដែលរួមមាន Gold, Grey និង Blue តើស្ថិតក្នុងចំនួនមូលប្បទានប័ត្រ ៨ដុល្លារដូចគ្នាដែររឺទេ?»។ ជាការឆ្លើយតប Musk បានលើកឡើងថា វាស្ថិតក្នុង«ការសាកល្បង» តែវាអាចនឹងមានការប្រែប្រួលនៅពេលដែលរាល់គណនី Twitter ត្រូវបានធ្វើការ Verify រួចរាល់៕