(បរទេស)៖ តារា​ចម្រៀង និង​តារា​សម្ដែង​អាមេរិក Selena Gomez និង​ក្រុម​ចម្រៀង​ស្រី K-pop Blackpink ដែល​សហការគ្នា​ពី​ចម្ងាយ​ លើការផលិតបទ ចម្រៀង «Ice Cream» ឆ្នាំ២០២០ អំឡុងពេលជំងឺរាតត្បាតនោះ ទី​បំផុត​បាន​ជួប​គ្នា​ផ្ទាល់​ហើយនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ 

Gomez អាយុ៣០ឆ្នាំ បានបង្ហោះរូបថតចំនួន៣សន្លឹក នៅលើ Instagram របស់ខ្លួន កាលពីចុងសប្តាហ៍កន្លងទ ជាមួយក្រុមនារី BLACKPINK ដែលទើបតែបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេនៅអាមេរិក។ Selena Gomez និងក្រុម BLACKPINK ត្រូវបានគេដឹងថា បានសហការផលិតចម្រៀង «Ice Cream» ជាមួយគ្នា តែកាលណោះពួកគេមិនបានជួបគ្នាដើម្បីថតទេ ត្បិតម្ខាងថតផ្នែករបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែល Gomez បានថតឈុតរបស់នាងនៅសហរដ្ឋអាមេរិក ដោយសារការរឹតបន្តឹងការធ្វើដំណើរ ព្រោះជំងឺ Covid-19។ តែយ៉ាងណា នៅពេលនេះ ពួកគេបានស្កាត់ជួបគ្នាម្តង អំឡុងពេល BLACKPINK ហោះទៅអាមេរិក។ 

គួរជម្រាបថា Gomez មិន​មែន​ជា​អ្នក​គាំទ្រ​ដ៏​ល្បី​តែ​ម្នាក់​របស់​ក្រុម ​BLACKPINK ដែល​បាន​ចូល​រួម​ការ​ប្រគំ​តន្ត្រី​នៅ​អាមេរិក​របស់​ពួក​គេ​នោះ​ទេ។ ក្នុង​ចំណោមតារាល្បីៗ ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​កម្មវិធីនោះ គឺឃើញ​មាន​តារា​សម្ដែង​ Marvel Simu Liu, តារា​សម្ដែង «Squid Game» Jung Ho-yeon និង​តារា​សម្ដែង Lily-Rose Depp ដែល​សម្ដែង​ក្នុង​រឿង​ «The Idol» នាពេល​ខាង​មុខ​ជាមួយ Jennie របស់ Blackpink។ 

Blackpink ចាប់​ផ្តើម​ដំណើរ​ទេសចរណ៍​អឺរ៉ុប​នៅ​ទីក្រុង​ឡុងដ៍​នៅ​ចុង​ខែនេះ។ ពួកគេនឹងសម្តែងនៅប្រទេសសិង្ហបុរីក្នុងខែឧសភា ឆ្នាំ២០២៣ ខណៈសំបុត្រលក់អស់ក្នុងរយៈពេល៩០នាទីដំបូងប៉ុណ្ណោះ នៅពេលដែលពួកគេបានដាក់លក់នៅថ្ងៃទី២៤ ខែវិច្ឆិកាថ្មីៗនេះ៕