(កូរ៉េ)៖ តារាជើងចាស់ Oh Young-soo ដែលទស្សនិកជនស្គាល់ថា តាណាំ ក្នុងរឿងល្បី «Squid Game» បានបាត់បង់ឱកាសសម្តែងរឿងភាគថ្មី ចំណងជើងថា «Love Letters» ដែលគ្រោងថតនៅខែមករាខាងមុខ ខណៈស្ពតពាណិជ្ជកម្មដែលលោកធ្លាប់ចូលរួមសម្តែង ក៏ត្រូវបានគេដកចោល បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ក្រោយការចោទប្រកាន់ពីករណីរំលោភបំពានផ្លូវភេទ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរបាយការណ៍បានឲ្យដឹងថា ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យប្តឹងទៅ​ប៉ូលិស ​ប្រឆាំង​នឹង​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​វ័យ ៧៨ឆ្នាំ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២១ ហើយ​សំណុំ​រឿង​នេះ​ត្រូវ​បាន​បញ្ជូន ​ទៅ​ព្រះរាជអាជ្ញា​ក្នុង​ខែ​កុម្ភៈ។ តែយ៉ាងណា សំណុំរឿងនេះត្រូវ​បាន​បញ្ជូន​មក​ប៉ូលិស​វិញ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ហើយ​ប៉ូលិស​បាន​ច្រានចោល​ករណី​នេះ​កាលពី​ខែមេសា​។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានចាប់ផ្តើមស៊ើបអង្កេតករណីនេះឡើងវិញ បន្ទាប់ពីស្ត្រីខាងលើ បានប្តឹងទៅឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ប៉ូលីស ខណៈដែល Oh ត្រូវបានគេរាយការណ៍ថា បានបដិសេធការចោទប្រកាន់ ក្នុងអំឡុងពេលស៊ើបអង្កេតដោយព្រះរាជអាជ្ញា, ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានប្រកាសថា ខ្លួនបានលុបចោលការផ្សាយពាណិជ្ជកម្មដែលសម្តែងដោយ Oh Young-soo តែម្តង ក្រោយព័ត៌មានរបស់តារារូបនេះ ពីករណីខាងលើ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

បន្ថែមពីនេះ រូបភាព និងការបង្ហោះជាមួយ Oh ក៏ត្រូវបានដកចេញពីប៉ុស្តិ៍ YouTube របស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងគេហទំព័រផ្លូវការរបស់ការិយាល័យ សម្រាប់ការសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលផងដែរ។

គួរជម្រាបថា សម្រាប់តារាសម្តែងប្រុសវ័យ៧៨ឆ្នាំ លោក Oh Young-soo មានភាពល្បីល្បាញយ៉ាងខ្លាំង បន្ទាប់ពីចូលរួមសម្តែងក្នុងខ្សែភាពយន្តដ៏ល្បី «Squid Game»។ តារារូបនេះ ក៏ឈ្នះបានពានរង្វាន់ ជាតួសម្តែងល្អបំផុតក្នុងប្រភេទទូរទស្សន៍ នៅឯកម្មវិធី Golden Globe Awards ឆ្នាំ២០២២ផងដែរ ដែលធ្វើឲ្យលោកក្លាយជាតារាសម្តែងកូរ៉េខាងត្បូងដំបូងគេ ដែលឈ្នះពានរង្វាន់នេះ៕