(ដូហា)៖ លោក Herve Renard គ្រូជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត បានចេញមុខមកទាត់ចោលពាក្យចចាមអារ៉ាមថា គ្រួសាររាជវង្សផ្តល់រង្វាន់រថយន្ត Rolls Royce ដល់កីឡាករ ក្រោយឈ្នះការប្រកួតជាមួយអាហ្សង់ទីន ថ្មីៗនេះ។ នេះបើតាមការផ្សាយដោយ Daily Mail នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

មានការអះអាងលើបណ្តាញសង្គមថា កីឡាករជម្រើសជាតិទាំង ២៦នាក់ ទទួលបានរថយន្តទំនើបនេះគ្រប់ៗគ្នា ពីរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ក្រោយជម្រើសជាតិខ្លួន បានឈ្នះជម្រើសជាតិអាហ្សង់ទីន ២ទល់នឹង១ កាលពីថ្ងៃអង្គារកន្លងទៅ។ ពាក្យចចាមអារ៉ាម កើតចេញពីអតីតទន្តពេទ្យប៉ាគីស្ថាន និងជាបុគ្គលល្បីលើបណ្តាញសង្គម ដែលបានបង្ហោះរឿងនេះ នៅលើ Twitter ។

លោក Renard បានបដិសេធថា គ្រប់កីឡាករទាំងអស់ មិនទទួលបានរថយន្តទេ។ បុរសវ័យ ៥៤ឆ្នាំ បានបញ្ជាក់ថា «រឿងនេះមិនពិតទេ។ នេះមិនមែនជាពេលវេលា ដើម្បីទទួលរង្វាន់អ្វីទេ។ ខ្ញុំមិនថា អ្នកចាំការនិយាយរបស់ខ្ញុំ មុនប្រកួតប៉ះអាហ្សង់ទីន ឬអត់ទេ។ ខ្ញុំថាការប្រកួតជាមួយអាហ្សង់ទីន គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតក្នុងពូលដ៏សំខាន់។ រឿងល្អសម្រាប់យើង គឺចង់ទទួលបានចំណាត់ថ្នាក់លេខ ១ ឬ ២ នៅក្នុងពូល»

សូម្បីតែខ្សែប្រយុទ្ធ Saleh Al-Shehri ក៏ទាត់ចោលរឿងចចាមអារ៉ាមនេះដែរ។ កីឡាកររូបនេះ និយាយថា «មិនពិតទេ! យើងនៅទីនេះ ដើម្បីបម្រើជាតិ និងប្រឹងប្រែងឲ្យអស់លទ្ធភាព។ នេះហើយជារង្វាន់របស់យើង»