(សេអ៊ូល)៖ តាមរយៈសារព័ត៌មានអនឡាញក្នុងស្រុកមួយបានរាយការណ៍ថា ក្រុមហ៊ុន Hyundai Motor Co របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន LG Energy Solution កំពុងពិភាក្សាគម្រោងសាងសង់រោងចក្រផលិតអាគុយរួមគ្នាចំនួន ២នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា កិច្ចសហការរួមគ្នារវាងក្រុមហ៊ុនទាំងពីរក្នុងការសាងសង់រោងចក្រនេះនឹងត្រូវធ្វើឡើងនៅរដ្ឋ Georgia ខណៈរោងចក្រនីមួយៗត្រូវបានគេរំពឹងថា នឹងមានថាមពលប្រចាំឆ្នាំប្រហែល ៣៥ជីហ្គាវ៉ាត់ម៉ោង (GWh) សម្រាប់ផ្តល់ថាមពលដល់រថយន្តអគ្គិសនីប្រហែល ១លានគ្រឿងឯណោះ។ តែយ៉ាងណាប្រភពមិនទាន់បញ្ជាក់លម្អិតអំពីភាពជាដៃគូររវាងក្រុមហ៊ុនទាំងពីរនោះទេ ថាត្រូវចំណាយដើមទុនប៉ុន្មានក្នុងការសាងសង់រោងចក្រនីមួយៗនោះ។

គួរបញ្ជាក់ដែរថា ក្រោមច្បាប់ស្តីពីការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអនុវត្តន៍ពីឆ្នាំក្រោយនេះតទៅ ហើយក្នុងនោះទាំងក្រុមហ៊ុន Hyundai និង LG ទំនងជាទទួលបានការកាត់បន្ថយពន្ធប្រមាណ ៤០ភាគរយនៃតម្លៃរូបិយវត្ថុសម្រាប់សារធាតុរ៉ែសំខាន់ៗសម្រាប់ការផលិតនៅលើទឹកដីអាមេរិក៕