(ភ្នំពេញ)៖ ក្រុ​មកីឡាករជំនាញក្នុងវិស័យកីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គបានវាយតម្លៃពីស្ថានភាពផ្លូវនៅប្រទេសកម្ពុជា ថាពិតជាស័ក្តិសមសម្រាប់ការប្រកួតកីឡាប្រណាំងយានយន្តលំដាប់អន្តរជាតិ បន្ទាប់ពីពួកគេចូលរួមក្នុងព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 ចម្ងាយផ្លូវ១,៧០០គីឡូម៉ែត្រ ចាប់ពីទីក្រុងបាងកក ប្រទេសថៃ រហូតដល់មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅ។

ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា (KARA) មានអ្នកបើកបរ គឺកីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរ កីឡាករ វង្ស គីមហួត ទទួលបានចំណាត់ថ្នាក់លេខ១ នៅ Class រថយន្តប្រើសាំង ពីព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 និងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមរថយន្តសរុប៣៤ ក្នុងព្រឹត្តិការណ៍រថយន្តអន្តរជាតិមួយនេះ។

ម្ចាស់ពាន Rally 2022 កីឡាករ វង្ស គីមហួត បានគូសបញ្ជាក់ថា ដំណាក់កាលចុងក្រោយនៅកម្ពុជា ថ្វីដ្បិតតែផ្លូវប្រកួតមានចម្ងាយខ្លី ប៉ុន្តែមានឧបសគ្គច្រើនធ្វើឱ្យការប្រណាំងកាន់តែស្វិតស្វាញ និងជក់ចិត្ត។ កីឡាកររូបនេះបន្តថា នេះជាឱកាសមួយដែលធ្វើឲ្យកីឡាករយានយន្តទទួលបានបទពិសោធន៍ថ្មីៗ និងបង្កើនបច្ចេកទេសឲ្យខ្លាំងបន្ថែមទៀតក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។

កីឡាករ វង្ស គីមហួត បានបញ្ជាក់ទៀតថា សម្រាប់ប្រភេទរថយន្តប្រើសាំង គឺយើងធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រភេទរថយន្តប្រើប្រេងសាំង ដែលសុទ្ធសឹងតែជើងខ្លាំងមកបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី។

ដោយឡែក លោក ហូ សិទ្ធីគុណ ប្រធានក្លិបរថយន្តការ៉ាកម្ពុជា (KARA) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលតែងតែអនុញ្ញាតនិងគាំទ្រយ៉ាងពេញទំហឹងឲ្យក្លិបការ៉ាបានរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាយានយន្តកម្ពុជាកាន់តែរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសព្រឹត្តការណ៍ប្រណាំងកម្រិតអន្តរជាតិនេះនឹងក្លាយជាមេដែកស្រូបយកភ្ញៀវទេសចរអន្តរជាតិមកកាន់ទឹកដីអង្គរ ខេត្តសៀមរាប ជាពិសេសព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពកក់ក្តៅរួសរាយរាក់ទាក់

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះមាន៩ប្រទេសចូលរួម ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជាទទួលបានចំណាត់លេខ១ លើប្រភេទរថយន្តសាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត ក្រុមការ៉ាកម្ពុជាទទួលបានលេខ១១ ក្រុមសាយ៉ាមប្រូតូថាយលេខ១២ ក្នុងចំណោមរថយន្តសរុប៣៤គ្រឿង៕