(សៀមរាប)៖ គម្រោងជួសជុល និងអភិរក្សសាលាឆាន់បុរាណ​នៅវត្តរាជបូណ៌ ដែលទទួល​បាន​ថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រោមកិច្ចខិតខំប្រឹងប្រែង និង​យកចិត្តទុកដាក់ពីសំណាក់​មន្ត្រីជំនាញនៃ​អាជ្ញាធរជាតិអប្សរា គឺបាន​ជួសជុល​សាលាឆាន់បុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យ​ល្អ​ឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្រ្ត។ គោលបំណងនៃការជួសជុល និងអភិរក្សសាលាឆាន់នេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង។

សូមបញ្ជាក់ថា ដំណាក់កាលទី១ គឺជួសជុលផ្នែកដំបូល មានដូចជា គ្រឿងបង្គំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្ដារ ព្រំខ្នងដំបូល និងជហ្វាជាដើម។ ដំណាក់កាលទី២ ផ្តោតលើការជួសជុលផ្នែកតួអគារ រួមមាន ជួសជុលជញ្ជាំង កាំជណ្តើរ ក្បាច់តាមខឿនជើងជញ្ជាំង និងសម្អាតការ៉ូបាត សសរ ពិដាន៕