(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ គឺជាវេទិការដ៏សំខាន់ សម្រាប់សហព័ន្ធធ្វើការសាកល្បង និងវាស់ស្ទង់កម្រិតសមត្ថភាពធនធាន ទាំងមន្ដ្រីបច្ចេកទេសដឹកនាំរៀបចំការប្រកួត និងកីឡាករ-កីឡាការិនី ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះបើតាមការលើកឡើងរបស់លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធ បន្ទាប់ពីប្រភេទកីឡាអូឡាំពិកមួយនេះ បានបើកយុទ្ធនាការប្រកួតរបស់ខ្លួន ក្នុងកីឡាជាតិ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១០២នាក់ មកពី ១៣ក្រសួង និងរាជធានី-ខេត្ត។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើបន្ដថា «ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ ពិតជាព្រឹត្តិការណ៍ នៃការសាមគ្គី សន្តិភាព ការសាកល្បង ត្រៀមលក្ខណៈរៀបចំ ពង្រឹងសមត្ថភាព ដើម្បីធ្វើការវាយតម្លៃ និងកែលម្អ បំពេញបន្ថែមចំណុចខ្វខាតនូវកម្រិតស្តង់ដារ បទពិសោធ បច្ចេកទេស យុទ្ធសាស្រ្ត និងយុទ្ធវិធី សម្រាប់ការរៀបចំប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលជាកិត្តិយសរបស់ប្រទេសជាតិយើង»

តាមរយៈនេះ លោកបានជំរុញឲ្យមន្រ្តីបច្ចេកទេស ពិសេសអាជ្ញាកណ្តាល និងចៅក្រមកាត់សេចក្តី លើទីលាន ត្រូវអនុវត្តការងារ ប្រកបដោយតម្លាភាព ដោយគ្មានការរើសអើង ឬប្រកាន់បក្សពួកអ្វីឡើយ ដើម្បីធានាបាននូវការប្រកួតដោយយុត្តិធម៌ និងទទួលបានជោគជ័យ ស្របពេលទិសដៅរបស់សហព័ន្ធចង់បាន ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣៕