(ដូហា)៖ នេះជាជំនួបក្នុងជុំទី២ ប្រជែងយក ៣ពិន្ទុយ៉ាងសំខាន់នៃវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា រវាងក្រុមប្រេស៊ីល និងស្វីស នៃពូល G នាវេលាម៉ោង ១១យប់នេះ (ម៉ោងនៅកម្ពុជា) ដែលការប្រកួតនេះដែរធ្វើឡើងនៅកីឡដ្ឋាន Stadium 974 ដែលអាចផ្ទុកអ្នកចូលរួមទស្សនាបានចំនួន ៤៤,០៨៩នាក់។

ប្រវត្តិជួបគ្នា ៩លើកកន្លងមកនេះ សាំបាប្រេស៊ីលរកបានជ័យជម្នះ ៣លើក ក្នុងនោះដែរមានស្មើគ្នា ៤លើក និងចាញ់ ២លើក ដ្បិតក្នុងការប៉ះគ្នានៅ World Cup 2018 នៃវគ្គចែកពូលបានត្រឹមស្មើគ្នា ១-១។

គួររំលឹកផងថា សម្រាប់លទ្ធផលជាបណ្តោះអាសន្នក្រោយឆ្លងកាត់ជុំទី១ ប្រេស៊ីល កំពុងឈរកំពូលតារាងដោយមាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមស៊ែប៊ី ២-០ ហើយក្រុមស្វីសវិញ ក៏មាន ៣ពិន្ទុដែរ បន្ទាប់ពីយកឈ្នះក្រុមកាមេរូន ១-០ ខណៈតាមរយៈលទ្ធផលចំពោះក្រុមទាំងពីរ ដែលអាចរកបានជ័យជម្នះក្នុងជុំទី២ នេះ នោះនឹងមាន ៦ពិន្ទុអាចកក់កៅអីឡើងវគ្គ ១៦ក្រុមជាបន្ត បើទោះជានៅសល់ ១ប្រកួតនៃជុំទី៣ ក្តី៕