(ដូហា)៖ ៤ប្រកួតបន្តនារាត្រីនេះនៅ World Cup 2022 គឺដើម្បីលេងបញ្ចប់វគ្គសន្សំពិន្ទុប្រចាំពូល A និង B នៅប្រទេសកាតា ដោយចាប់ផ្តើមពីម៉ោង ១០យប់ និងម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

២ប្រកួតបើកឆាកបញ្ចប់ពូល A នាម៉ោង ១០យប់ដំណាក់គ្នាថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាការជួបគ្នារវាងអេក្វាឌ័រ និងសេណេហ្គាល់ នៅមុនពេលម្ចាស់ផ្ទះកាតា ប៉ះក្រុមខ្លាំងទឹកក្រូចហូឡង់។

ចំណែកឯ ២ប្រកួតផ្សេងទៀតនៅក្នុងពូល B គឺចាប់ផ្តើមនាម៉ោង ២យប់ដំណាល់គ្នាឈានចូលព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិការវាងក្រុមសហរដ្ឋអាមេរិក ប៉ះអ៉ីរ៉ង់ និងវេលស៍ ជួបក្រុមខ្លាំងតោកំណាចអង់គ្លេស។

នេះជាការប្រកួតបិទពូល A និងពូល B និងជាការប្រកួតក្នុងជុំទី៣ តាមពូលទាំង ៣២ក្រុមផងដែរ ដ្បិតរកឃើញ ៣ក្រុមបានកក់កៅអីទៅវគ្គ ១៦ក្រុមរួចរាល់ហើយ ទោះនៅសល់ ១ប្រកួតទៀតក៏ដោយរួមមាន សាំបាប្រេស៊ីល ព័រទុយហ្គាល់ និងក្រុមការពារតំណែងជើងឯក មាន់គកបារាំង៕