(ភ្នំពេញ)៖ សាលាសិល្បៈហ្វ៊ូណន និងសាលារបាំនរោត្តមបុប្ផាទេវី បានរៀបចំកម្មវិធីទិវាបេតិកភ័ណលើកទី៥ ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ» ដែលបានធ្វើឡើងនៅសាលសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាបេតិកភ័ណ្ឌលើកទី៥ ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ» ដែលរៀបចំដោយសាលាសិល្បៈហ្វ៊ូណន និងសាលារបាំនរោត្តមបុប្ផាទេវី នាពេលនេះ ក្នុងគោលបំណងដើម្បីអបអរសាទរខួប៤ឆ្នាំ នៃល្ខោនខោល ខួប១៩ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំ នៃល្ខោនស្រមោលស្បែកធំ និងខួប៥ឆ្នាំ នៃចាប៉ីដងវែង ដែលចូលជាសម្បត្តិ បេតិកភ័ណអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ ជាពិសេសដើម្បីចូលរួមផ្សព្វផ្សាយកម្ពុជាព្រះរាជាណាចក្រអច្ឆរិយកម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀតទាំងក្នុងតំបន់ និងសកលលោកផងដែរ ។

អ្នកឧកញ៉ាបណ្ឌិតបានបន្ថែមថា ជាការពិតណាស់នោកម្ពុជាមានសិល្បៈបែបសម្តែងជាច្រើនប្រភេទ ហើយមានមរតកខ្មែរខ្លះត្រូវបានបាត់បង់ដោយប្រការផ្សេងៗ យ៉ាងណាមិញបេតិកភ័ណវប្បធម៌ដ៏សម្បូរបែបទាំងរូបី និងអរូបីដែលបុព្វបុរសរបស់ខ្មែរយើងបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះមិនត្រឹមតែជាសម្ខីភាពបង្ហាញពីភាពរុងរឿងថ្មុំ ថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋថែមទៀតផង។

អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី បានបន្តថា៖ «ក៏ប៉ុន្តែ ក្នុងចរន្តនៃសកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើប បានញាំងឱ្យសង្គមមានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនត្រូវទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាច និងឈានទៅបាត់បង់ដោយអន្លើៗ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារ ការអភិរក្ស បេតិកភ័ណវប្បធម៌ជាតិឱ្យបានគង់វង្សតរៀងទៅ»

ទន្ទឹមនឹងនោះដែរ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ក៏បានបង្ហាញនូវភាពជឿជាក់យ៉ាងមុតមាំថាកម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយបំផុសការចូលរួមរបស់យុវជនឱ្យស្វែងយល់កាន់តែច្បាស់ពីទម្រង់សិល្បះបុរាណ ជាពិសេសល្ខោនខោលខ្មែរឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀតទាំងក្នុងតំបន់ និងសកលលោក។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែង គាំទ្រ និងលើកទឹកចិត្តដល់សិល្បៈបែបនេះ ឱ្យមានសកម្មភាពរស់រវើក បានគង់វង្សតទៅមុខទៀតនោះអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងលោកស្រី ទៀង ផល្លា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៣០លានរៀល ចំណែកសិល្បករ សិល្បការិនី ដែលបានចូលរួមចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕