(ភ្នំពេញ)៖ នៅក្នុងព្រឹត្តការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់នារី ខេត្តស្វាយរៀង បានប្រកួតយកឈ្នះជាបន្តបន្ទាប់រហូតឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយបានយកឈ្នះ ក្រុមបាល់ទាត់នារីខេត្តសៀមរាប លទ្ធផល ៥ ទល់នឹង ១ ទទួលបានជ័យលាភីលេខ០១ (មេដាយមាស) ប្រកួតនៅវេលាម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកីឡដ្ឋាន Cambodia Airway។

ការទទួលបានមេដាយមាស ក្នុងពឹ្រត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់តំណាងចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ និងមន្ត្រីចំនួន២២នាក់ ទទួលបានថវិកា៤០ម៉ឺនរៀល សរុបថវិកាទាំងអស់ ៨,៨លានរៀល ដែលបានប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាំមកនូវមេដាយមាស ចំណាត់ថ្នាក់លេខ០១ ជូនខេត្តស្វាយរៀង។

នៅក្នុងលទ្ធផលការប្រកួតចាប់តាំងពីវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រនេះរួមមានដូចខាងក្រោម៖

វគ្គចែកពូល បានបែងចែកជា៣ពូល៖

*ពូល A៖ កំពង់ស្ពឺ, បាត់ដំបង, ព្រៃវែង, កំពង់ធំ
*ពូល B៖ ស្វាយរៀង, កំពង់ឆ្នាំង,កណ្តាល, ត្បូងឃ្មុំ
*ពូល C៖ បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម។ ដោយឡែកក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តស្វាយរៀង និងខេត្តសៀមរាប បានឆ្លងផុតវគ្គជម្រុះក្នុងពូល ហើយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

*ខេត្តស្វាយរៀង ៤-០ ខេត្តបាត់ដំបង នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
*ខេត្តកំពង់ស្ពឺ ០-១ ខេត្តសៀមរាប នៅកីឡដ្ឋានស្តាតចាស់។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ៖

*ខេត្តសៀមរាប ១-៥ ខេត្តស្វាយរៀង វេលាម៉ោង៨:០០នាទីព្រឹក នៅថ្ងៃទី២៩ ខែវិច្ឆិកា កីឡដ្ឋាន Cambodia Airway៕