(ភ្នំពេញ)៖ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាត់ទុកការរួមចំណែកពីវិស័យឯកជន គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាទំនើបមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសពង្រឹងគុណផលកីឡាករត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានអញ្ជើញជាសាក្សី ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន T.Y Media និង Mineski Global Vietname នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ។

អគ្គលេខាធិការខាងលើ រំពឹងថា ការចាប់ដៃរវាងក្រុមហ៊ុនឯកជននេះ នឹងជំរុញវិស័យកីឡាអេឡិចត្រូនិកម្ពុជាឲ្យកាន់តែរីកចម្រើន និងមានគុណផលខ្ពស់ ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ម្យ៉ាងសហព័ន្ធក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវការប្រកួតអន្ដរជាតិធំៗជាច្រើននៅកម្ពុជាផងដែរ ។

លោក ធី វាយ តំណាង T.Y Media បានបង្ហាញសុទិដ្ឋិនិយមថា ការចុះ MOU នេះ នឹងក្លាយជាចំណែកមួយរបស់សហព័ន្ធ ដើម្បីពង្រឹង និងពង្រីកវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ហើយលុបបំបាត់នូវការគិតអវិជ្ជមានមកលើវិស័យកីឡាមួយនេះ ហើយប្ដូរមកជាការគាំទ្រ និងខិតខំអភិវឌ្ឍន៍កីឡានេះឲ្យរីកចម្រើន ឆ្ពោះទៅការប្រកួតកម្រិតខ្ពស់លើឆាកជាតិជាតិ និងអន្ដរជាតិ ។

លោកថា «គោលបំណងសំខាន់ នៃការចុះ MOU នេះ ដើម្បីកិច្ចសហការ និងការចូលរួមរបស់ភាគីទាំងពីរសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជា ។ ហេតុផលនេះ យើងសង្ឃឹមថា MOU នេះ នឹងជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនង ដែលអនុញ្ញាតឲ្យបង្កើត និងផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងតំបន់នៃកីឡាអេឡិចត្រូនិក និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនថែមទៀត» ។

គួរដឹងថា កីឡាអេឡិចត្រូនិច គឺជាកីឡាមួយ ក្នុងចំណោម ៣៨ប្រភេទ ដែលត្រូវបានអនុម័តដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះរួចរាល់ កាលពីថ្មីៗ ។ សហព័ន្ធកំពុងខិតខំប្រឹងប្រែង និងត្រៀមខ្លួនបានយ៉ាងល្អ ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីធានាបាននូវភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ៕