(ភ្នំពេញ)៖ កីឡាប្រដាល់គុនខ្មែរ នឹងរៀបចំការប្រកួតសាកល្បងមុនព្រឹត្តិការណ៍ស៊ីហ្គេម(Pre-SEA Games) ពោលគឺការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នាថ្ងៃទី០៩-១១ ខែធ្នូខាងមុខ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ដើម្បីតេស្ដសមត្ថភាពកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេសត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយគណៈកម្មការពាក់ព័ន្ធ នៅថ្ងៃអង្គារ៍នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និង NOCC បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យការងារត្រៀមរៀបចំការប្រកួត Pre-SEA Game ប្រដាល់គុនខ្មែរ សន្ដិសុខសណ្ដាប់ធ្នាប់ និងការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវចូលរួម ដ្បិតព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបចំនួន ១៤២នាក់ មកពី ៧ប្រទេសក្នុងតំបន់អាស៊ាន រួមមានឥណ្ឌូនេស៊ី វៀតណាម ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំស្របពេលវេលាជាមួយការរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ។ ដោយហេតុនេះ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រៀមចូលរួមអបអរសាទរ និងទស្សនាការប្រកួតដ៏ធំនេះដោយសេរី។

លោកបន្ដថា «ព្រឹត្តិការណ៍នេះ យើងត្រូវរៀបចំតាមស្ដង់ដារ ដែលយើងធ្លាប់រៀបចំកន្លងមក ដូចជាជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ និងកីឡាផ្សេងៗទៀត ក្នុងកម្រិត Pre-SEA Games យើងត្រូវធ្វើស្ដង់ដារតែមួយ។ អ៊ីចឹងការធ្វើបដិសណ្ឋារកិច្ច និងដំណើរការរៀបចំការប្រកួតនេះ គឺយើងប្រគល់ជូនសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីសម្របសម្រួលជាមួយសហព័ន្ធគុនខ្មែរអន្ដរជាតិ។ កម្រិតយើងធ្វើនេះ គឺអ្វីៗធ្វើដើម្បីវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេមផង និងជំរុញឲ្យមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម របស់យើង បានរៀនសូត្រ និងដកស្រង់បទពិសោធន៍ ក្នុងការរៀបចំ Pre-Sea Games នេះឲ្យបានល្អ ហើយដល់ពេលស៊ីហ្គេម គឺពួកគាត់អាចមានបទពិសោធន៍ច្រើនក្នុងការរៀបចំស្របតាមស្ដង់ដារអន្ដរជាតិតែម្ដង»

ក្រៅពីកីឡាប្រដាល់គុនខ្មែរ នៅខែក្រោយនេះដែរ កីឡាចំបាប់ ក៏នឹងមានរៀបចំការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ លក្ខណៈ Pre-SEA Games ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ នៅរាជធានីភ្នំពេញ ដើម្បីជាការតេស្ដសាកល្បង ទាំងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត និងកីឡាករ-កីឡាការិនីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕