(ភ្នំពេញ)៖ ក្រុមហ៊ុន GC Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ នៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតានស្តូន ឡាយហ្វ៍ អ៊ីនសួរេន ម.ក (Titan Stone Life Insurance Plc.) ដើម្បីផ្តល់សេវាធានារ៉ាប់រងដែលមានសុវត្ថិភាពបំផុត ដល់អតិថិជនដែលបានទិញអចលនទ្រព្យពី GC Realty។

ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នៅការិយាល័យរបស់ក្រុមហ៊ុន GC Realty ក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម ការធានារ៉ាប់រង ការការពារ និងផ្តល់ទំនុកចិត្តជូនអតិថិជនទាំងអស់ ដែលបានទិញអចលនទ្រព្យពី ក្រុមហ៊ុន GC Realty ។

លោក កាំង នីន នាយកក្រុមហ៊ុន GC Realty បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលដ៏ពិសេសសម្រាប់យើង ហើយវាជាការតាំងចិត្តរបស់យើងទាំងពីរ ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អតិថិជនរបស់ GC Realty ក្នុងការទិញ ឬវិនិយោគលើអចលនទ្រព្យ។ លើសពីនេះ គឺដើម្បីលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យធានារ៉ាប់រងឱ្យកាន់តែប្រសើឡើង ហើយនេះជាកត្តាសំខាន់មួយ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិនក្នុង និងក្រៅប្រទេសមកលើក្រុមហ៊ុនទាំងពីរ។

សូមរំឭកដែរថា ក្រុមហ៊ុន GC Realty គឺក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការប្រឹក្សាយោបលផ្នែកទិញលក់អចលនទ្រព្យគ្រប់ប្រភេទ ព្រមទាំងមានទីប្រឹក្សាផ្នែកលក់ជាច្រើននាក់ដែលសុទ្ធតែមានបទពិសោធន៍ និងមានជំនាញវិជ្ជាជីវៈក្នុងវិស័យនេះ ដែលអាចជួយអតិថិជនក្នុងការជ្រើសរើសគម្រោង ទៅតាមតម្រូវការ ជាពិសេសជួយសម្រួលដល់ការ ទិញ លក់ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងម្ចាស់គម្រោងផងដែរ៕