(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតអស់រយៈពេល ១០ថ្ងៃ គ្រាដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះដំណើរការប្រកួតក្នុងកីឡាជាតិនេះ ដែលផ្ដល់នូវសញ្ញាណវិជ្ជមានជាច្រើន ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ប្រភេទកីឡាបាល់ទះ គឺបែងចែកជា ៣វិញ្ញាសា រួមមានកីឡាបាល់ទះក្នុងសាលបុរស មានបេក្ខភាព ៩ក្រសួង និងរាជធានី-ខេត្តចូលរួម, កីឡាបាល់ទះក្នុងសាលនារី មានបេក្ខភាព ៨ខេត្តចូលរួម និងវិញ្ញាសាកីឡាបាល់ទះឆ្នេរខ្សាច់បុរស មានបេក្ខភាព ១០ក្រសួង និងរាជធានី-ខេត្តចូលរួម ដែលបានធ្វើការប្រកួត ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។

ជាលទ្ធផលបច្ចេកទេស សម្រាប់ក្រុមជយលាភីបាល់ទះក្នុងសាលបុរស គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ខណៈខេត្តព្រៃវែង ឈ្នះមេដាយប្រាក់ និងរាជធានីភ្នំពេញ ទទួលបានមេដាយសំរឹទ្ធ ។ រីឯបាល់ទះក្នុងសាលនារី ខេត្តកណ្ដាល ទទួលបានមេដាយមាស, ខេត្តពោធិ៍សាត់ ឈ្នះមេដាយប្រាក់ និងខេត្ដបន្ទាយមានជ័យ ឈ្នះមេដាយសំរឹទ្ធ ។ ចំណែកបាល់ទះឆ្នេរខ្សាច់បុរស គឺខេត្តព្រះសីហនុ គ្រងមេដាយមាស, ក្រសួងការពារជាតិ ឈ្នះមេដាយប្រាក់ និងខេត្តពោធិ៍សាត់ ឈ្នះមេដាយសំរឹទ្ធ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ លើកឡើងថា ឆ្លងកាត់ការប្រកួតជាង ១០ថ្ងៃមកនេះ អ្វីៗមានភាពល្អប្រសើរ ដែលបង្ហាញពីភាពចាស់ទុំនៃការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ ពិសេសគឺជាឱកាសមួយសម្រាប់សហព័ន្ធកីឡាបាល់ទះ ធ្វើការពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ដើម្បីជាការតេស្ដសាកល្បង ក៏ដូចជាពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោយ ដែលត្រូវធ្វើការកែតម្រូវ និងបំពេញបន្ថែម ។ អ្វីដែលពិសេស គឺសហព័ន្ធបានផ្ដល់ឱកាសដល់មន្ដ្រីបច្ចេកទេសវ័យក្មេងៗជាច្រើនចូលរួមដឹកនាំ និងរៀបចំការប្រកួតនេះ ។

ទោះបីសហព័ន្ធមានកង្វល់លើអាជ្ញាប័ណ្ឌអន្ដរជាតិ(License)របស់អាជ្ញាកណ្ដាល ចៅក្រម សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ ប៉ុន្ដែតាមរយៈការប្រកួតកីឡាជាតិនេះ ក៏ដូចជាការត្រៀមបញ្ចូនមន្ដ្រីអាជ្ញាកណ្ដាល ចៅក្រម ទៅសិក្សារៀនសូត្របន្ថែមនៅបរទេសជាបន្ដបន្ទាប់ នាពេលឆាប់ៗខាងមុខ សហព័ន្ធជឿជាក់ថា មន្ដ្រីបច្ចេកទេសកម្ពុជា នឹងអាចត្រៀមលក្ខណៈបានគ្រប់គ្រាន់ ដើម្បីទទួលរៀបចំ និងដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់ ៦៤ឆ្នាំនេះ ។

អគ្គលេខាធិការសហព័ន្ធដដែលបានបង្ហាញសុទិដ្ឋិនិយមថា «ដូច្នេះខ្ញុំគិត បទពិសោធន៍ដែលយើងបានរៀបចំក្នុងកីឡាជាតិ បូករួមទាំងយើងសិក្សានៅថ្នាក់អន្ដរជាតិថែមទៀត យើងជឿជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជារបស់យើង នឹងមានភាពរឹងមាំ រឹងមាំទាំងផ្នែកកីឡាករ-កីឡាការិនី រឹងមាំទាំងគណៈកម្មការរៀបចំ រឹងមាំទាំងមន្ដ្រីអាជ្ញាកណ្ដាល សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ»