(ដូហា)៖ អ្នកចាំទីដៃទីមួយ របស់ក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន Andre Onana ត្រូវបានគេផ្អាកពីការប្រកួត ដោយសារហេតុផលមិនគោរពវិន័យ, នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់កាមេរូន (FECAFOOT) បន្ទាប់ពីកីឡាកររូបនេះ ត្រូវបានដកចេញពីក្រុម សម្រាប់ការប្រកួតស្មើ៣-៣របស់ពួកគេ ជាមួយស៊ែប៊ី នៅឯព្រឹត្តិការណ៍ World Cup កាលពីថ្ងៃចន្ទ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

Onana ត្រូវបានគូសថា "អវត្តមាន" នៅលើតារាងក្រុម ជាមួយនឹងគ្រូបង្វឹក Rigobert Song បានលើកឡើងថា លោកបាន "ដាក់អាទិ៍ភាពទៅលើក្រុម ជាជាងលើបុគ្គល" ចំពេលដែលមានសេចក្តីរាយការណ៍ អំពីភាពបរាជ័យ នៃយុទ្ធសាស្ត្រ។

កាមេរូន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងពូល G មាន១ពិន្ទុ ហើយចាំបាច់ត្រូវយកឈ្នះប្រេស៊ីល ក្នុងការប្រកួតជម្រុះចុងក្រោយរបស់ពួកគេ នៅថ្ងៃសៅរ៍ ដើម្បីមានឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។

«សហព័ន្ធបាល់ទាត់កាមេរូន សូមបញ្ជាក់ជាសាធារណៈថា បន្ទាប់ពីការសម្រេចចិត្តរបស់លោកគ្រូបង្វឹក Rigobert Song Bahanag, កីឡាករ Andre Onana ត្រូវបានផ្អាកជាបណ្តោះអាសន្ន ពីក្រុម ដោយហេតុផលមិនគោរពវិន័យ», នេះបើតាមសេចក្តីថ្លែងការណ៍បានចេញផ្សាយ៕