ក្លិប Wigan Athletic តែងតាំងអតីតខ្សែការពារ Arsenal លោក Kolo Toure ជាអ្នកចាត់ការថ្មី

29-11-2022 23:13

(ឡុងដ៍)៖ ក្លិបបាល់ទាត់លេងនៅលីគលំដាប់ទី២អង់គ្លេស Wigan Athletic បានតែងតាំងអតីតខ្សែការពារក្លិប Arsenal និង Manchester City លោក Kolo Toure ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ លើកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បុរសវ័យ ៤១ឆ្នាំរូបនេះបានជំនួសតំណែងលោក Leam Richardson ដែលត្រូវបានបណ្តេញចេញពីតំណែង ដោយក្លិបដែលលេងនៅលីគ Championship កាលពីដើមខែមុន។

បុរសសញ្ជាតកូឌីវ័រនេះ បានចំណាយពេលវេលា ៥ឆ្នាំមុនជាជំនួយការគ្រូបង្វឹកនៅឯក្លិប Celtic និងនៅក្លិប Leicester City ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Brendan Rodgers ប៉ុន្តែនេះគឺជាលើកដំបូងសម្រាប់លោក ក្នុងតួនាទីជាអ្នកចាត់ការទូទៅ។

ការទទួលបន្ទុកប្រកួតដំបូងរបស់លោក Toure នឹងត្រូវធ្វើដំណើរទៅជួបក្រុម Millwall នៅថ្ងៃទី១០ ខែធ្នូខាងមុខ។

ក្លិប Wigan កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២២ ក្នុងតារាង ប៉ុន្តែបានឈ្នះការប្រកួតចុងក្រោយរបស់ពួកគេ ប៉ះនឹងក្រុម Blackpool មុនពេលការឈប់សម្រាក សម្រាប់ព្រឹត្តិការណ៍ World Cup៕