(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ ៥ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យរីកចម្រើនប្រកបដោយចីរភាព ពិសេសធានាបាននូវការត្រៀមទាំងបរិមាណ និងគុណភាពឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីកីឡាកាយសម្ព័ន្ធបានបញ្ចប់ការប្រកួតរបស់ខ្លួន ដោយជោគជ័យ ក្នុងកីឡាជាតិ លើកទី៣ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនី ៥៣នាក់មកពី ៤ក្រសួង និងខេត្តចូលរួម រួមជាមួយប្រតិភូ គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស និងចៅក្រមចំនួន ៣៥នាក់។

ក្នុងនាមប្រធានសហព័ន្ធ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រីបច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍប្រភេទកីឡានេះ រហូតជ្រើសរើសបានអត្តពលិកមានសមត្ថភាពល្អៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព និងមេដាយក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម ឆ្នាំ២០២៣។ លើសពីនេះ លោកក៏បានក្រសួង និងខេត្ត ដែលបានបញ្ចូនប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះផងដែរ។

ឆ្លៀតឱកាសនោះរដ្ឋមន្ដ្រី ថោង ខុន បានបន្ថែមថា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាពេលវេលាប្រារព្ធពិធីបើកការប្រកួតស៊ីហ្គេម លើកទី៣២ គឺសល់ពេលតែជាង ១៥០ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីជំរុញកីឡាកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណជាមួយគុណភាព និងទទួលបានលទ្ធផលល្អ ក្នុងការប្រកួតអន្តរជាតិនានា ពិសេសក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ លោកបានផ្ដល់នូវអនុសាសន៍ ៥ចំណុច រួមមាន៖

១. បណ្តុះបណ្តាលថ្នាលតាមកម្រិតអាយុ បង្កើនបរិមាណ និងគុណភាពកីឡាករ កីឡាការិនី តាមក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ។ ២. ពង្រឹងសមត្ថភាព ចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។ ៣. ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។ ៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។ ៥. ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើន មុនពេលកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។

ជាមួយគ្នាផងដែរ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងដែលថា ឆ្លងកាត់ការប្រកួត ៥ថ្ងៃកន្លងមកនេះ ក្នុងនាមមន្ដ្រីបច្ចេកទេស លោកបានមើលឃើញការរៀបចំរបស់គណៈកម្ម អាជ្ញាកណ្ដាល ចៅក្រម មានភាពល្អប្រសើរច្រើន។ រីឯការចូលរួមរបស់កីឡាករ-កីឡាការិនីក៏មានភាពស្វិតស្វាញ និងមានកម្រិតបច្ចេកទេសរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ លោកបានចាត់ទុកនេះ គឺជាសមិទ្ធផលដ៏ល្អថ្មីមួយទៀត សម្រាប់សហព័ន្ធ ដែលកំពុងត្រៀមឆ្ពោះទៅស៊ីហ្គេមនាឆ្នាំក្រោយ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះវិញ ក្នុងចំណោមប្រតិភូ និងអត្តពលិក ៤ក្រសួង និងខេត្តចូលរួម គឺខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយច្រើនជាងគេ រួមានមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ២, ខេត្តក្រចេះ ឈរលេខ២ ឈ្នះមេដាយមាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១ និងក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ៥ ឈរលេខ៣៕