(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា ក្រុមហ៊ុន Facebook ដែលជាបុត្រសម្ព័ន្ធរបស់ Meta Platform ដែលឈរជើងនៅក្នុងប្រទេសអៀឡង់កំពុងប្រឈមមុខនឹងការផាកពិន័យប្រមាណ ២៧៥លានដុល្លារ ជុំវិញការរំលោភទិន្នន័យអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទគណៈកម្មការការពារទិន្នន័យរបស់អៀឡង់ (DPC) បានប្រកាសថាខ្លួនបានដាក់ពិន័យជាប្រាក់ខ្ទង់ ២៧៥លានដុល្លារលើក្រុមហ៊ុន Facebook អៀឡង់ ក្រោមហេតុផលដែលបានរកឃើញពីការរំលោភទិន្នន័យអ្នកប្រើប្រាស់ជាលើកដំបូងកាលពីឆ្នាំ២០២១ ជុំវិញការលាតត្រដាង លេខទូរស័ព្ទ ទីតាំង និងថ្ងៃ ខែ ឆ្នាំកំណើតអ្នកប្រើប្រាស់ប្រមាណ ៥៣៣លាននាក់គិតចាប់ពីឆ្នាំ២០១៨ ដល់ ២០១៩។

ចំពោះបញ្ហានេះ DPC បានចាប់ផ្តើមបើកការស៊ើបអង្កេតនៅលើ Facebook អៀឡង់ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរកបានឃើញថាមានសំណុំទិន្នន័យខុសដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើអ៊ីនធឺណិត៕