(ដូហា)៖ អ្នកចាំទីដៃទី១ របស់ក្រុមបាល់ទាត់ជម្រើសជាតិកាមេរូន Andre Onana ត្រូវបានដកបញ្ឈរជើង ដោយសារហេតុផលមិនគោរពវិន័យ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់កាមេរូន (FECAFOOT) បន្ទាប់ពីកីឡាកររូបនេះ ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួតស្មើ ៣-៣ របស់ពួកគេ ជាមួយស៊ែប៊ីនៅព្រឹត្តិការណ៍ World Cup កាលពីថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
Onana ត្រូវបានគូសបញ្ជាក់ថា «ការអវត្តមាន» នៅលើតារាងក្រុម ជាមួយនឹងគ្រូបង្វឹក Rigobert Song បានលើកឡើងថា លោកបាន «ដាក់អាទិភាពទៅលើក្រុម ជាជាងលើបុគ្គល» ចំពេលដែលមានសេចក្តីរាយការណ៍អំពីភាពបរាជ័យនៃយុទ្ធសាស្ត្រ។
កាមេរូន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងពូល G ដោយមាន ១ពិន្ទុ ហើយចាំបាច់ត្រូវយកឈ្នះប្រេស៊ីល ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ នៅថ្ងៃសុក្រ ដើម្បីមានឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ។
«សហព័ន្ធបាល់ទាត់កាមេរូន សូមបញ្ជាក់ជាសាធារណៈថា បន្ទាប់ពីការសម្រេចចិត្តរបស់គ្រូបង្វឹក Rigobert Song Bahanag, កីឡាករ Andre Onana ត្រូវបានផ្អាកជាបណ្តោះអាសន្ន ពីក្រុម ដោយហេតុផលមិនគោរពវិន័យ»។ នេះបើតាមសេចក្តីថ្លែងការណ៍បានចេញផ្សាយ៕