(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសី នៃកីឡាជាតិ លើកទី៣ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួត ៥ថ្ងៃ នៅពហុកីឡដ្ឋានជាតិ។ ក្រោយចប់លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងការចូលរួម ប៉ុន្ដែលោកបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្ដការខំប្រឹងបន្ថែមទៀត ដើម្បីរួមគ្នាសាងប្រវត្តិសាស្ដ្រថ្មី ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ការប្រកួតកីឡាវាយសី ក្នុងកីឡាជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៤៩នាក់ មកពី ១១ក្រសួង និងរាជធានី-ខេត្ត។ លើសពីនេះ សហព័ន្ធក៏បានសហការរៀបចំនូវការប្រកួតកីឡាវាយសីជនពិការ ដែលមានកីឡាករ-កីឡាការិនី ៨រូបមកពី ៤រាជធានី-ខេត្តចូលរួម ហើយការប្រកួតបានប្រព្រឹត្តទៅដោយរលូន បន្ទាប់ពីការខិតខំអស់ពីកម្លាំងស្មារតីរបស់មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រម។
លោក លី កុសល បានបន្ដថា «លទ្ធផលទាំងនេះ បង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា ហើយខ្ញុំសូមផ្តាំផ្ញើដល់ក្នួយៗកីឡាករជយលាភី និងអ្នកមិនទាន់ដណ្តើមបានមេដាយក្តី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករមានសិទ្ធផលខ្ពស់ទាំងកីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្ដាល ចៅក្រម ដើម្បីមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ពេលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនិងប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងចូលរួមប្រកួតនានាផ្សេងទៀត ដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ»។
លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា កីឡាជាតិឆ្នាំនេះ ដោយកីឡាករ-កីឡាការិនីជម្រើសជាតិ ជាប់បោះជំរំហ្វឹកហាត់នៅប្រទេសចិន មិនបានចូលរួម បានក្លាយជាឱកាសដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីចាស់ៗ ពិសេសធនធានបន្ដវេន ក្នុងការបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន រហូតទទួលបានមេដាយ ដែលជាកម្លាំងចិត្តមួយដ៏សំខាន់សម្រាប់ពួកគេ ក្នុងការបន្ដក្ដីស្រម៉ៃ និងការខំប្រឹងបន្ថែមទៀត ឆ្ពោះទៅរកការអភិវឌ្ឍន៍គុណផលកីឡាកម្រិតខ្ពស់ និងក្លាយជាកីឡាករ-កីឡាការិនីតំណាងជាតិនាថ្ងៃអនាគតទៀតផង។
ចំពោះលទ្ធផលបច្ចេកទេស នៃការប្រកួតរយៈពេល ៥ថ្ងៃកន្លងមក គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ គឺឈ្នះមេដាយមាស ៣គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ២ និងប្រាក់ ៤ ឈរលេខ២ និងខេត្តកណ្ដាល ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២ ឈរលេខ៣៕