(បរទេស)៖ ប្រភពពីលោក Ming-Chi Kuo បានរំពឹងថា នៅក្នុងត្រីមាសនេះ Apple ទំនងជាខាតបង់ការដាក់លក់ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនម៉ូដែល iPhone 14 Pro និង iPhone 14 Pro Max រហូតដល់ ២០លានគ្រឿងឯណោះ បន្ទាប់ពីកើតមានភាពចលាចររវាងបុគ្គលិក និងក្រុមហ៊ុនកាលពីពេលថ្មីៗនេះនៅរោងចក្រ Foxconn ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈរបាយការណ៍ចុងក្រោយនេះលោក Ming-Chi Kuo ហាក់ទម្លាក់ការប៉ានប្រមាណលទ្ធផលដាក់លក់ស្មាតហ្វូនរបស់ Apple ក្នុងត្រីមាសទី៤ ឆ្នាំ២០២២នេះ ដែលធ្លាក់ចុះពីលទ្ធផលមុនខ្ទង់ ២០ភាគរយ មកនៅត្រឹមចន្លោះ ៧០ ទៅ ៧៥លានគ្រឿងប៉ុណ្ណោះបើធៀបនឹងរបាយការណ៍មុនប៉ានស្មានថា Apple នឹងដាក់លក់បានចន្លោះពី ៨០ ទៅ ៨៥លានគ្រឿងឯណោះ។ ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍ថ្មីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជាង ២% ភា្លមៗ ប៉ុន្តែក្នុងលទ្ធផលនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះប្រមាណ ៦ភាគរយបន្ថែមទៀត។

គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុននេះបុគ្គលិក Apple រាប់ម៉ឺននាក់បាននាំគ្នាធ្វើកុបកម្មនៅមុខរោងចក្រ Foxconn ប្រទេសចិនជុំវិញការទាមទារថ្លៃប្រាក់ឈ្នួលដែលបង្កភាពភាពចលាចរពេញទីក្រុង Zhengzhou។ ហើយបន្ទាប់ពីផ្ទុះការតវ៉ានៅ Foxconn បុគ្គលិកប្រមាណ ២ម៉ឺនបានចាកចេញពីក្រុមហ៊ុនភ្លាមៗតែម្តង៕