(អាមេរិក)៖ តារាសម្ដែង Will Smith បាននិយាយអំពីគ្រាដ៏គួរឱ្យភ្ញាក់ផ្អើល ដែលលោកបានទះកំផ្លៀង និងស្រែកជេរប្រមាថដល់តារាកំប្លែង Chris Rock នៅឯកម្មវិធី Oscar ដើមឆ្នាំនេះ ដោយនិយាយថា «ខ្ញុំជាអ្នកចាញ់»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈការបង្ហាញខ្លួន ក្នុងកម្មវិធី «The Daily Show With Trevor Noah» កាលពីយប់ថ្ងៃច័ន្ទ ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួន មានចំណងជើងថា «Emancipation» តារាសម្តែង Will Smith បានរំឭកពីឧប្បត្តិហេតុ ដែលគ្របដណ្តប់លើពិធីប្រគល់ពានរង្វាន់កំពូលរបស់ហូលីវូដ Oscar កាលពីខែមីនា ដែលធ្វើឲ្យផ្អើលពេញពិភពលោកនោះ។ Smith ដែលបានឈ្នះពានរង្វាន់អូស្ការលើកដំបូង សម្រាប់តួសម្តែងល្អបំផុតនោះ ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងកម្មវិធី អូស្ការនេះ រយៈពេល១០ឆ្នាំ។

Smith បាននិយាយទៅកាន់ Noah យ៉ាងដូច្នេះថា «នោះគឺជាយប់ដ៏រន្ធត់មួយ អ្នកអាចស្រមៃបាន។ វាមានភាពស្មុគស្មាញជាច្រើន។ ប៉ុន្តែ​នៅ​ចុង​បញ្ចប់ ខ្ញុំ​ជាអ្នកចាញ់។ ខ្ញុំបានឆ្លងកាត់អ្វីមួយនៅយប់នោះ... វាមិនសមហេតុផលចំពោះអាកប្បកិរិយារបស់ខ្ញុំទាល់តែសោះ។ វាមានរឿងជាច្រើន... អ្វីៗទាំងអស់នោះបានផ្ទុះឡើងនៅក្នុងពេលនោះ។ នោះមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេ»

គួរជម្រាបថា Smith បានឡើងទៅទះកំផ្លៀង Rock។ តារា​វ័យ​៥៤​ឆ្នាំ​រូប​នេះ​ បាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​តារា​កំប្លែង Rock និងកម្មវិធីអូស្ការទាំងមូល។ យ៉ាងណាមិញ ភាពយន្តថ្មីដែលសម្តែងដោយ Will Smith ចំណងជើងថា «Emancipation» ត្រូវបានរាយការណ៍មកថា នឹងបញ្ចេញនៅខែក្រោយនេះ៕