(ភ្នំពេញ)៖ លោក ដែក ភារៈ គ្រូបង្វឹកក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា និងជាគណៈកម្មការរៀបចំការប្រកួត បានស្នើជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ដែលធ្វើបានល្អក្នុងកីឡាជាតិ លើកទី៣ ចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២២។

នេះបើយោងតាមសំណើរក្រោយបញ្ចប់ការប្រកួតកីឡាការ៉ាតេ ក្នុងកីឡាជាតិ លើកទី៣ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលធ្វើឡើងក្រោមវត្តមានលោក សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធ។

មន្ដ្រីជំនាញបានធ្វើការស្នើសុំថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព និងមានឆន្ទៈខ្ពស់ ចូលរួមក្នុងជម្រើសជាតិ ពិសេសចូលរួមជាមួយវិញ្ញាសាដែលត្រូវបានដាក់បញ្ចូលក្នុងស៊ីហ្គេម ដើម្បីត្រៀមលក្ខណៈឲ្យបានកាន់តែល្អប្រសើរ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។ ដូច្នេះនេះគឺជាឱកាសល្អមួយ សម្រាប់កីឡាករ-កីឡាការិនី ដែលធ្វើបានល្អក្នុងការប្រកួតកីឡាជាតិឆ្នាំនេះ។

គួរដឹងថា ការប្រកួតកីឡាការ៉ាតេ នៃកីឡាជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១០២នាក់ មកពី ៦ក្រសួង និងរាជធានី-ខេត្ត ដែលធ្វើការប្រកួតពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ។ ជាលទ្ធផលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ មានមេដាយមាស ៧ ប្រាក់ ១ និងសំរឹទ្ធ ៤ ខណៈខេត្តកំពង់ស្ពឺ ឈរលេខ២ ឈ្នះមេដាយមាស ២ ប្រាក់ ៤ និងសំរឹទ្ធ ២ គ្រាដែលក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៥៕